សិង្ហបុរី និងសហរដ្ឋអាមេរិកពិភាក្សាអំពីសារៈសំខាន់នៃសេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០​ — កាលពីនៅថ្ងៃទី ៣១ ខែសីហា នៅក្នុងអំឡុងពេលប្រជុំនិម្មិតមួយ  រដ្ឋមន្រ្តីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen និងសមភាគីសហរដ្ឋអាមេរិក លោក Mark Esper បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខក្នុងតំបន់ជាច្រើន រួមមានបញ្ហាសមុទ្រខាងកើត ការប្រឆាំងអំពើភេរវកម្ម និងសារៈសំខាន់នៃការធានាបាននូវសេរីភាព​ និងការបើកចំហរតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។

ការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយដោយមន្ទីរប៉ង់តាហ្គោនបានបង្ហាញថា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ «ទំនាក់ទំនងការពារជាតិទ្វេភាគីដ៏ប្រសើរ និងយូរអង្វែង និងភាពជាដៃគូប្រកបដោយផលប្រយោជន៍ទៅវិញទៅមក»។

ជាមួយគ្នានេះដែរ ក្រសួងការពារជាតិសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំការពារជាតិទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីការអភិវឌ្ឍក្នុងតំបន់ និងភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយ រួមទាំងតម្រូវការសម្រាប់គ្រឹះស្ថានការពារជាតិក្នុងតំបន់ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយការគំរាមកំហែងរួម ដូចជាបញ្ហាជំងឺកូវីដ-១៩ និងអំពើភេរវកម្មផងដែរ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រទេសទាំងពីររីករាយនឹងអន្តរកម្មការពារជាតិយ៉ាងទូលំទូលាយ ដែលរួមមានកិច្ចសន្ទនាការផ្លាស់ប្តូរយោធា និងយោធា ការបណ្តុះបណ្តាល និងការចូលរួមវគ្គសិក្សា និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាក្នុងវិស័យការពារជាតិ។ ភាគីទាំងពីរក៏បានលើកឡើងអំពីសារៈសំខាន់នៃការរក្សាសន្ទុះនៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគី ចំពេលដែលកំពុងមានការរីករាលដាលនៃជំងឺរាតត្បាតនេះដែរ។

លោក Esper បានសម្តែងការកោតសរសើរចំពោះការចូលទៅកាន់តំបន់ដែលប្រទេសសិង្ហបុរីផ្តល់ដល់កងទ័ពសហរដ្ឋអាមេរិកដែលត្រូវបានពង្រីកអស់រយៈពេល ១៥ឆ្នាំទៀត។

កាលពីខែកញ្ញាកន្លងទៅ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបន្តអនុស្សារណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ១៩៩០ ទាក់ទងនឹងការប្រើប្រាស់គ្រឿងបរិក្ខាររបស់សហរដ្ឋអាមេរិកនៅសិង្ហបុរី តាមរយៈពិធីសារនៃការធ្វើវិសោធនកម្មដោយពន្យារពេលកិច្ចព្រមព្រៀងសម្រាប់រយៈពេល ១៥ឆ្នាំបន្ថែម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)