ប្រទេសម៉ាឡេស៊ីបន្តបទបញ្ជានៃការត្រួតពិនិត្យទប់ទល់នឹង ជំងឺកូវីដ-១៩ រហូតដល់ដំណាច់ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០​ — បទបញ្ជាត្រួតពិនិត្យការបម្លាស់ទីឡើងវិញរបស់ប្រទេសម៉ាឡេស៊ី ( RMCO ) ដែលត្រូវបានអនុវត្តដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី ៣១ ខែធ្នូ។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បានប្រកាសនូវសេចក្តីសម្រេចនេះនៅក្នុងសុន្ទរកថារបស់លោកតាមទូរទស្សន៍មួយ ដោយលោកបាននិយាយបន្ថែមថា ផ្អែកទៅលើការវិវឌ្ឍចុងក្រោយបង្អស់ យើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើឱ្យប្រទេសម៉ាឡេស៊ីរួចផុតពីជំងឺរាតត្បាតនេះ។ ដំណាក់កាលនៃការអនុវត្តវិធានការ RMCO ដើមឡើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា។

លោកបាននិយាយថា បើទោះបីជាចំនួនករណីឆ្លងថ្មីនៅក្នុងប្រទេសបានធ្លាក់ចុះក៏ដោយ ក៏វីរុសនេះនៅតែកំពុងរីករាលដាលនៅទូទាំងពិភពលោក។

នាយករដ្ឋមន្រ្តីរូបនេះបានកត់សម្គាល់ថា ប្រសិនបើមានការកើនឡើងនូវករណីឆ្លងនៅក្នុងតំបន់មួយចំនួនរបស់ប្រទេសម៉ាឡេស៊ី រដ្ឋាភិបាលនឹងចាត់វិធានការតាមគោលដៅដោយអនុវត្តបទបញ្ជាត្រួតពិនិត្យការបម្លាស់ទីដែលត្រូវបានពង្រឹងនៅក្នុងតំបន់មួយចំនួននោះ។

លោក Muhyiddin បានសម្តែងការគាំទ្រដល់ក្រសួងសុខាភិបាលក្នុងការបង្កើនការផាកពិន័យចំពោះអ្នកដែលល្មើសនឹងវិធានការនេះ គឺកើនឡើងទ្វេដង ឬបីដងនៃចំនួនទឹកប្រាក់ពិន័យបច្ចុប្បន្ន។

រដ្ឋាភិបាលម៉ាឡេស៊ីបានដាក់បទបញ្ជាត្រួតពិនិត្យការបម្លាស់ទី ( MCO ) កាលពីថ្ងៃទី ១៨ ខែមីនា បន្ទាប់ពីខ្លួនបានរាយការណ៍អំពីការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន១២៥ករណី ដែលធ្វើឱ្យប្រទេសម៉ាឡេស៊ីទទួលរងគ្រោះខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍នៅពេលនោះ។ ដំណាក់កាលដ៏តឹងរឹងនៃវិធានការ MCO បន្ទាប់មកបានផ្លាស់ប្តូរទៅជាដំណាក់កាលដែលមានលក្ខខណ្ឌកាលពីថ្ងៃទី១ ខែឧសភា មុនពេលវិធានការ RMCO ចាប់ផ្តើមអនុវត្តនៅថ្ងៃទី ១០ ខែមិថុនា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)