គ.ជ.បដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតតាមអនឡាញ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០១ ០៩ ២០២០

MC:  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប​ ដាក់ឱ្យដំណើរការប្រព័ន្ធផ្លាស់ប្ដូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ ឬហៅថា តាមអនឡាញ(Online)ជាលើកដំបូង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។

  សេចក្តីជូនដំណឹងរបស់គ.ជ.ប បានឱ្យដឹងថា ប្រព័ន្ធអនឡាញនេះ សម្រួលដល់អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ ដែលបានប្រើប្រាស់ឯកសារចុះឈ្មោះបោះឆ្នោតដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទ១ និងប្រភេទ២ អស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត បានផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតរបស់ខ្លួនគ្រប់ៗគ្នា សំដៅធ្វើឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។

  គ.ជ.ប បានបញ្ជាក់ថា ប្រព័ន្ធផ្លាស់ប្តូរឯកសារនេះ នឹងដំណើរការតាមគេហទំព័រvoterlist.nec.gov.kh ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដើម្បីឱ្យអ្នកមានឈ្មោះ និងទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីមានឈីប(Chip) ដូចគ្នាទៅនឹងឈ្មោះ និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ អាចស្នើសុំផ្លាស់ប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរបស់ខ្លួនតាមអនឡាញ។

  គ.ជ.ប បានបន្តថា ចំពោះអ្នកមានឈ្មោះ និងទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីមានឈីបខុសគ្នាទៅនឹងឈ្មោះ ឬទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ ត្រូវទៅជួបជាមួយក្រុមចុះឈ្មោះបោះឆ្នោតក្នុងឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ ដើម្បីស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យក្នុងបញ្ជីបោះឆ្នោត ឱ្យដូចគ្នាទៅនឹងឈ្មោះ ឬទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរបស់ខ្លួន ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៕