សាលារៀនជាង៦០០សាលាទូទាំងខេត្តសៀមរាបត្រៀមលក្ខណៈរួចរាល់ចាំទទួលស្វាគមន៍សិស្សានុសិស្សនាដើមខែកញ្ញានេះ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០

MC.សាលារៀនជាង៦០០សាលាទូទាំងខេត្តសៀមរាបត្រៀមលក្ខណៈរួចរាល់ចាំទទួលស្វាគមន៍សិស្សានុសិស្សឱ្យចូលរៀនឡើងវិញនាដើមខែកញ្ញានេះដើម្បីបានចូលរៀនប្រកបដោយសុវត្ថិភាព។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបបានឱ្យដឹងថា តាមសេចក្តីណែនាំ របស់ក្រសួងអប់រំយុវជននិងកីឡា ស្តីពីការបើកឱ្យដំណើរការឡើងវិញគ្រឹះស្ថានសិក្សា ដំណាក់កាលទី២ ក្នុងនោះខេត្តសៀមរាបមានសាលាកម្រិតមត្តេយ្យសិក្សាចំនួន១៩សាលា ៥០៧សាលាកម្រិតបឋមសិក្សា និង១២៣សាលាកម្រិតមធ្យមសិក្សា ដោយគម្រោងនឹងបើកដំណើរការនាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

លោកលី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាបបានថ្លែងប្រាប់អ្នកយកព័ត៌មាន វិទ្យុជាតិកម្ពុជាឱ្យដឹងថា គ្រប់សាលាទាំងអស់បានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួង សុខាភិ បាល ស្តីពីគោលការណ៍ប្រតិបត្តិការស្តង់ដារ សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទ កូវីដ១៩។ បច្ចុប្បន្ននេះសាលារៀននីមួយៗ បានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ កំពុងរៀបចំបោសសំអាត និងធ្វើអនាម័យមុនពេលចាប់ផ្តើមអនុញ្ញាតឱ្យសិស្សចូលសិក្សាវិញ។

សំឡេង៖យើងបើកឱ្យដំណើរការតែវិស័យសាធារណៈទេ ហើយ១៩សាលានៅកម្រិតមតេយ្យ ៥០៧សាលាកម្រិតបឋមសិក្សា ១២៣សាលាគ្រឹះស្ថានមធ្យមសិក្សា ចាប់បើកដំណើរការឡើងវិញ នៅ ថ្ងៃទី ០៧ខែកញ្ញាឆ្នាំ២០២០នេះ ហើយចាំបាច់ណាស់ត្រូវរៀបចំបរិស្ថានសាលារៀន និងគោរពទៅ តាមស្តង់ដារអនាម័យឲ្យបានត្រឹមត្រូវស្របទៅតាមការណែនាំរបស់ក្រសួងផង និងការណែនាំ របស់សុខាភិបាលផងយើងចាប់ផ្តើមធ្វើការរៀបចំសាលារៀននិងគណៈកម្មការដែលមានការចូលរួមពីមណ្ឌលសុខភាព ដើម្បីឱ្យគាត់ចូលរួមចំណែក ហើយក្នុងនោះយើងរៀបចំឱ្យកុមារតូចនិង កម្រិតបឋមសិក្សា ក្នុងមួយសប្តាហ៍យើងរៀនតែ១២ដងទេ? ឬ០៨ម៉ោងសិក្សាជាដើម ហើយក្រៅពីនោះគាត់រៀនតាមប្រព័ន្ធអេឡិចត្រូនិច។ 

សូមជម្រាបផងដែរថា ដោយសារវិបត្តិនៃជំងឺកូវីដ១៩ បានធ្វើឱ្យការសិក្សារបស់ សិស្សានុសិស្ស ត្រូវផ្អាកជាបណ្តោះអាសន្នអស់រយៈពេលជាច្រើនខែ ។ តាមសេចក្តីជូនដំណឹង របស់ក្រសួងអប់រំយុវជននិងកីឡា ស្តីពីដំណើរការនៃការបើក សាលារៀនឡើងវិញគឺមានបី ដំណាក់កាល រួមមាន៖ដំណាក់កាលទី១ សាលារៀន មានស្តង់ដារសុវត្ថិភាពខ្ពស់។ ដំណាក់កាលទី២ សាលារៀនមានស្តង់ដារមធ្យម និងដំណាក់ កាលទី៣សាលារៀនមានស្តង់ដារអប្បបរមា៕