មនុស្ស៨នាក់បានស្លាប់ និង២០នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០១ កញ្ញា ២០២០


MC៖ មនុស្ស៨នាក់បានស្លាប់ និងរបួស២០នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៣១ខែសីហា ឆ្នាំ២០២០ ដែលភាគច្រើនគ្រោះថ្នាក់ទាំងនេះ កើតឡើងដោយសារបើកបរលើសល្បឿនកំណត់ និងមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិបានឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែសីហា នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន១៥លើក បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន៨នាក់ របួសចំនួន២០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១១នាក់ និងរបួសស្រាលចំនួន៩នាក់។
របាយការណ៍បានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ គឺមកពីបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់គ្រោះថ្នាក់ និងស្រវឹងជាដើម។
របាយការណ៍ដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទាំង១៥លើកនេះ គឺបានបណ្ដាលឱ្យខូចខាត ម៉ូតូចំនួន ១៨គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធុនធំ ៣គ្រឿង យានផ្សេងៗ ២គ្រឿង ថ្មើរជើង ២នាក់។
ជុំវិញបញ្ហានេះ សមត្ថកិច្ចនគរបាល នៅបន្តក្រើនរំលឹកប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយត្រូវបើកបរប្រកាន់ស្តាំ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសភ្លើង សញ្ញាចរាចរណ៍ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពពេលបើកបររថយន្ត ពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ច្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹងដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ៕