ក្នុងរយៈពេល០៨ខែ កម្ពុជានាំចេញអង្ករសរុបជាង៤៤ម៉ឺនតោន កើនឡើងជាង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០១ ០៩ ២០២០


MC: គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករសរុបចំនួន៤៤៨.២០៣តោន កើនឡើងជាង៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា អង្ករដែលបាននាំចេញនេះ មានទៅសហភាពអឺរ៉ុបចំនួន២៤,៨១ភាគរយ ខណៈទិសដៅទីផ្សារប្រទេសចិនស្រូបបាន១៩,៧៩ភាគរយ ទីផ្សារអាស៊ានចំនួន៤២,៤៩ភាគរយ និងនិងទិសដៅដទៃទៀតសរុប៦៨,៩២ភាគរយ។
ទីផ្សារដែលជាទិសដៅនាំចេញរបស់កម្ពុជាក្នុងរយៈពេល៨ខែនេះ មានសរុបចំនួន៥៩ ប្រទេស ដោយក្នុងនោះប្រទេសចិន ឈរនៅលំដាប់ទី១ និងប្រទេសបារាំងឈរនៅលំដាប់ទី២ ខណៈលំដាប់លេខ៣ ធ្លាក់ទៅលើប្រទេសហ្គាបុង។
ឯកឧត្តម មានប្រសាសន៍ថា លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនដឹកជញ្ជូន ខិតខំការរៀបចំថែទាំស្រូវ កែច្នៃអង្ករមុនការនាំចេញ និងបំពេញបែបបទដោយអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល និងរាល់កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសនាំចូលឱ្យបានសមស្របតាមស្តង់ដារភូតគាមអនាម័យទាំងបរិមាណ គុណភាព និងនីតិវិធីជាធរមាន សំដៅបង្កើនការនាំចេញឱ្យបានច្រើនតាមការរំពឹងទុក។
រាជរដ្ឋាភិបាល ក៏ដូចជាសហព័ន្ធស្រូវអង្ករ បានព្យាករថា នៅឆ្នាំ២០២០នេះ កម្ពុជានឹងអាចសម្រេចគោលដៅនាំចេញអង្ករបានដល់ជាង៨០ម៉ឺនតោន ឬកៀកទៅនឹង១លានតោន៕