ប្រជាពលរដ្ឋកាន់តែច្រើនមានការយល់ដឹងពីកិច្ចគាំពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ៣១.៨.២០២០


MC៖មន្ត្រីជំនាញក្រសួងបរិស្ថានបានបញ្ជាក់ថាប្រជាពលរដ្ឋកាន់តែច្រើនមានការយល់ដឹងពីកិច្ចគាំពារបរិស្ថាននិងអភិរក្សធនធានធម្មជាតិ ដែលជាយន្តការដ៏សំខាន់ធានាឲ្យធនធានទំាងនេះនៅតែមាននិរន្តរភាព ទំាងជីវិតមនុស្សនិងភពផែនដី។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម……………………
ក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោកស្រី មាស ច័ន្ទធីតា អគ្គនាយិការង នៃ អគ្គនាយកដ្ឋានចំណេះ ដឹងនិងព័ត៌មានបរិស្ថាន នៃ ក្រសួងបរិស្ថាន បានឲ្យដឹងថា ការចូលរួមផ្សព្វផ្សាយពីវិស័យបរិស្ថាននៅកម្ពុជា ដល់សាធារណជន គឺបានធ្វើឲ្យប្រជាពលរដ្ឋមានការ យល់ដឹងច្រើន និងបានចូលរួម ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព កាន់តែប្រសើរឡើង សម្រាប់ជាឧត្តមប្រយោន៍យូរអង្វែងរបស់ប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ទៀត។លោកស្រីបានបន្តថា ការងារបរិស្ថានជាកិច្ចការសកល និងមានលក្ខណៈអន្តរវិស័យ ដែលត្រូវបានពិភពលោកយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ហើយកត្តានាំឱ្យជោគជ័យលើវិស័យបរិស្ថាន គឺ កត្តាមនុស្ស បើមនុស្សយល់ មនុស្សដឹង មនុស្សស្គាល់ ពីតួនាទីភារកិច្ច ក្នុងការចូលរួម ចេះសាមគ្គីគ្នា គឺនឹងទទួលបានភាពល្អប្រសើរ។
សំឡេង៖ «យើងសង្កេតឃើញថា បច្ចុប្បន្ននេះ ការផ្លាស់ប្តូរនៅឥរិយាបថ របស់ប្រជាជនកម្ពុជា កាន់តែប្រសើរឡើង ដោយយល់ដឹងតាមរយៈការអប់រំផ្សព្វផ្សាយ ដោយសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋរបស់យើងគាត់មានការយកចិត្តទុកដាក់ ខ្លាំងទៅលើការរៀបចំ ផ្ទះសំបែងរបស់គាត់ ទុកដាក់សំរាមឬសំណល់ផ្ទះបាយ បានល្អប្រសើរ ច្រើនជាងមុន ។ឥឡូវ​ ពួកគាត់បានផ្លាស់ប្តូរយកចិត្តទុកដាក់ ក្នុងការដាំដើមឈើ នៅជុំវិញផ្ទះ ប្រសិនបើនិយាយពាក់ព័ន្ធទៅបញ្ហាកូវីដ១៩នេះ ឃើញថាបងប្អូនប្រជាពលរដ្ឋ ថ្ងៃឈប់សម្រាកពួកគាត់បានផ្លាស់ប្តូរ ឥរិយាបថរបស់គាត់ ដែលបានធ្វើដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ ជាលក្ខណៈមិត្តភក្តិ ទៅតាមតំបន់ទេសចរណ៍ផ្សេងៗ ពួកគាត់បានយល់ដឹងច្រើនអំពីកិច្ចគាំពារបរិស្ថាន ក៏ដូចជាការពារនៅធនធានធម្មជាតិរបស់យើងផងដែរ»។
លោកស្រីបញ្ជាក់ថា នៅឆ្នាំ២០២០នេះគឺអង្គការយូអេសអេអាយឌី គម្រោងព្រៃឡង់បៃតង បានសហការជាមួយក្រសួងបរិស្ថាន តាមរយៈយុវជនជជែកពិភាក្សាបរិស្ថាននៅខេត្តរាជធានីចំនួន៥ រួមមានខេត្តកំពង់ធំ .ព្រះវិហារ .ស្ទឹងត្រែង ខេត្តក្រចេះ និងរាជធានីភ្នំពេញបាន។
វេទិកានេះបានផ្តល់សារអប់រំដល់សារធារណជនទូទៅពិសេសយុវជនយល់ដឹងពីអត្ថប្រយោជន៍នៃជីវៈចម្រុះ និងជម្រើសមុខរបរសម្រាប់ប្រជាសហគមន៍ ដើម្បីឈានទៅរកការកែប្រែឥរិយាបថរបស់បុគ្គល និងអភិវឌ្ឍទង្វើប្រកបដោយសីលធម៌សំដៅចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សជីវៈចម្រុះឱ្យបានស្ថិតស្ថេរ សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់៕