ក្រសួងកសិកម្ម ជំរុញដល់កសិករបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានកាន់តែច្រើន

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ៣១ ០៨ ០២០


MC៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់កសិករឲ្យបង្កើនការដាំបន្លែសុវត្ថិភាពឱ្យបានកាន់តែច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងឆ្លើយតបតាមតម្រូវការទីផ្សារ។
អ្នកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍……………………
ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យប្រជាកសិករងាកមកធ្វើកសិកម្មតាមបែបទំនើបកម្មកសិកម្ម តាមរយៈការបំពាក់ផ្ទះសំណាញ់ ដើម្បីធ្វើឱ្យផលិតកម្មបន្លែមាននិរន្តរភាព ធានាសុវត្ថិភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
ឯកឧត្ដម បានបញ្ជាក់ថា ការជំរុញផលិតបន្លែសុវត្ថិភាពឱ្យបានកាន់តែច្រើននេះ គឺឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងការប្រកួតប្រជែងទីផ្សារនៃប្រទេសជិតខាង សំដៅប្រែក្លាយជាប្រទេសឈានទៅរកការផ្គត់ផ្គង់ក្នុងស្រុកបាន១០០ភាគរយ និងអាចនាំចេញទៅក្រៅប្រទេសនាពេលខាងមុខផងដែរ។
សំឡេង៖ «ប្រាកដណាស់យើងបានគិតគូរពីបញ្ហានេះ ចំពោះរឿងបន្លែ ដោយការដាក់ចេញគោលនយោបាយធ្វើទំនើបកម្មកសិកម្មនេះ។ កាលពីមុន គឺយើងបណ្ដុះបណ្ដាលប្រជាពលរដ្ឋដាំបន្លែនៅទីវាល ដោយទីវាលនេះ មិនអាចប្រកួតប្រជែងជាមួយប្រទេសវៀតណាមបាន ដោយសារតម្លៃនាំចូលមកវាថោក ហើយប្រជាជនក៏ខ្លាចរអាអំពីបញ្ហាថ្នាំពុលច្រើនលើសលុប ហើយយើងជំរុញការធ្វើទំនើបកម្មកសិកម្ម តាមរយៈការផ្ដល់បច្ចេកទេសថ្មីក្នុងដាំក្នុងរោងផ្ទះសំណាញ់ ហើយឥឡូវនេះប្រជាពលរដ្ឋចូលចិត្ដទិញផលិតផលដែលចេញពីការដាំដុះបន្លែសុវត្ថិភាពនេះ ទៅទទួលទាន ហើយការដាំដុះនេះកសិករមានការពេញចិត្ដក្រោយពីការដាំដុះ និងមានការគាំទ្រពីទីផ្សារ គឺគាត់លក់មិនទាន់ ដាំមិនទាន់អ្នកទិញផង»។
ឯកឧត្ដមបានបន្ដថា ក្រសួងនឹងចុះបណ្ដុះបណ្ដាលជំនាញបច្ចេកទេសថ្មីៗនៃការដាំដុះជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យអាជីវកម្មដំណាំបន្លែនេះទទួលបានទិន្នផលខ្ពស់ និងធន់នឹងការប្រែប្រួលអាកាសធាតុ។
លោកស្រី ញឹប កែវ ប្រជាពលរដ្ឋរស់នៅភូមិអូរពឺត សង្កាត់ប៉ៃលិន ក្រុង ប៉ៃលិន បានឱ្យដឹងថា ការដាំបន្លែនៅក្នុងផ្ទះសំណាញ់នេះ គឺទទួលបានទិន្នផលខ្ពស់ និងងាយស្រួលលក់នៅលើទីផ្សារ ហើយធន់នឹងការប្រែប្រួលអាកាសធាតុទៀតផង៕