ក្រុមការងារជំនាញនឹងអ៊ុត កៅស៊ូ ផ្លូវទំាង៣៤ក្នុងក្រុងព្រះសីហនុក្រោយរដូវវស្សានេះ

វិទ្យុជាតិកម្ពុជា ៖

MC.ក្រុមការងារជំនាញនឹងអ៊ុតកម្រាលកៅស៊ូពីលើផ្លូវទំាង៣៤ក្នុងក្រុងព្រះសីហនុនៅក្រោយរដូវវស្សាបញ្ចប់ដើម្បីធានាដល់គុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង ។ 

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖…

    លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការចាក់បេតុងនៅលើផ្លូវទំាង៣៤ខ្សែ សម្រេចបាន ស្ទើរតែ ១០០ ភាគរយ ការចាក់ខឿនថ្មម៉ាបក៏ជិតរួចរាល់ នៅតែការរៀបចំការ៉ូឡាផ្លូវថ្មើរជើង ការដាំដើមឈើ ធ្វើបានមួយចំនួនហើយ និងការដាក់អំពូលភ្លើងវៃឆ្លាតជាង៥០ភាគរយផងដែរ ។ លោកបានបញ្ជាក់ថា ចំពោះការចាក់កៅស៊ូវិញ ក្រុមអ្នកជំនាញ គ្រោងនឹងធ្វើនៅ រដូវប្រាំង ដើម្បីធានាឲ្យមានគុណភាពល្អ ។

សំឡេង« ជាពិសេសពាក់ព័ន្ធនឹងការអ៊ុតកៅស៊ូគឺអត់ទាន់បានធ្វើទេ ដោយសារយើងរង់ចាំឲ្យដាច់តំណក់ទឹកភ្លៀង ព្រោះប្រសិនកាលណាយើងធ្វើការចាក់កៅស៊ូនៅពេលដែលរដូវភ្លៀង គឺវាអត់ទទួលបានគុណភាពល្អទេ » ។

គួររំលឹកថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុង ខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងឡើងវិញបន្ទាប់ពីទទួលរងការខូចខាតដោយសារ កំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ នឹងប្រែក្លាយក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានាបាននូវគុណភាពរឹងមាំអាច ប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវទំាង៣៤ខ្សែស្ថិតក្នុងក្រុងព្រះសីហនុនេះមានប្រវែងជាង៨៤គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ្២០១៩ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយនឹងត្រូវចំណាយថវិកាចំនួន២៩៤លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន១០០លានដុល្លារ ជាថវិកាសន្សំរបស់ជាតិ ៕