អាជ្ញាធរស្រុកសេសាន គ្រោងដាក់ឲ្យដំណើរការមណ្ឌលសុខភាពឃុំតាឡាតនៅក្នុងខែកញ្ញានេះ

វិទ្យុជាតិកម្ពុជា គឹមហឿនស្ទឹងត្រែង៣១ ០៨ ២០២០


MC. អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង គ្រោងដាក់ឲ្យដំណើរការមណ្ឌលសុខភាពឃុំតាឡាតនៅក្នុងខែកញ្ញានេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានទៅពិនិត្យព្យាបាលជំងឺប្រកប ដោយសុវត្ថិភាព និងប្រសិទ្ធភាព។
អ្នកយកព័ត៌មានយើងប្រចាំខេត្តស្ទឹងត្រែងធ្វើសេចក្តីរាយការណ៍៖
ក្នុងឱកាសចុះពិនិត្យ សំណង់មណ្ឌលសុខភាព នៅឃុំតាឡាតកាលពីពេលថ្មីៗនេះ លោកវេជ្ជបណ្ឌិតអ៊ុង សូវៀតប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ឆ្លងតាមការពិនិត្យមណ្ឌលសុខភាពដែលសាងសង់ហើយនេះ គឺមិនទាន់ធ្វើពិធីប្រគល់ទទួលនៅឡើយទេ ដោយរង់ចាំឲ្យក្រុមជាង កែសម្រួលរចនាសម្ព័ន្ធខ្លះៗ ដូចជាទ្វារ បង្អួច បន្ទប់ផ្សេងៗ និងធ្វើការសម្អាត កោស លាបថ្នាំ មួយចំនួនឡើងវិញ ដើម្បីឱ្យមានសោភ័ណភាពសមស្រប ជាមណ្ឌលសុខភាពបំរើសេវាសុខាភិបាល។
លោកបន្តថា៖នៅពេលហើយកាលណា មន្ទីរនឹងបញ្ជូន ក្រុមគ្រូពេទ្យ- ថ្នាំពេទ្យ -និងឧបករណ៍វេជ្ជសាស្ត្រ ផ្សេងៗ សម្រាប់ដំណើរព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅមុនពេល ធ្វើពិធីសម្ពោធ ដើម្បីផ្តល់សេវាតាមតម្រូវការនៅទីជនបទ ។(សម្លេង)
លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកសេសានបានលើកឡើងថា៖ ក្នុងនាមអាជ្ញាធរស្រុកលោកនិងជួយជំរុញក្រុមការងារឱ្យពន្លឿនការរៀបចំ កែសម្រួលតាមការចង់បាន ដើម្បីបង្កលក្ខណៈងាយស្រួល និងឆាប់រហ័ស ក្នុងពេលដែលប្រជាពលរដ្ឋមកទទួលសេវាសុខភាព នៅទីនេះ។ (សម្លេង)
លោកសាន់កន ប្រជាពលរដ្ឋនៅភូមិស្វាយរៀងបានសំដែងការសាទរ ពេលមានមណ្ឌលសុខភាពនេះព្រោះប្រជាពលរដ្ឋយើងកាត់បន្ថយបាន នូវភាពលំបាកមិនបារម្ភពេលឈឺថ្កាត់ – ស្ត្រីឈឺពោះឆ្លងទន្លេ – ឬកូនតូចៗកើតជំងឺហឺរាគរូស – ក្តៅខ្លួន -ជាដើម ដោយមិនពិបាកទៅរកសេវាឆ្ងាយទៀតឡើយ។ ព្រោះកន្លងមក មានប្រជាពលរដ្ឋយើង ទៅរកសេវាខាងក្រៅ ដែលគ្មានជំនាញច្បាស់លាស់មានជួបគ្រោះថ្នាក់ផ្នែកសុខភាពខ្លះៗរួចមកហើយ ។
សូមបញ្ជាក់ថា៖នៅមណ្ឌលសុខភាពឃុំតាឡាតនេះនឹងផ្តល់ប្រយោជន៍ជាច្រើនដល់ ប្រជាពលរដ្ឋនៅភូមិក្របីជ្រុំ-ភូមិស្វាយរៀង -ភូមិតាឡាត- និងភូមិខ្សាច់ថ្មី ក្នុងឃុំតាឡាត និងមួយចំនួននៅឃុំក្បាលរមាស មកទទួលសេវា បានជិតជាងទៅមណ្ឌលសុខភាព នៅឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តមណ្ឌលគីរី។