ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ត្រាំ មានអារម្មណ៍មិនល្អ ចំពោះការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ

AKP ភ្នំពេញថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០​ — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ក្នុងការចាកចេញពីតំណែងដោយសារតែស្ថានភាពសុខភាពកាន់តែមានភាពយ៉ាប់យ៉ឺន។

កាលពីថ្ងៃសុក្រ លោក អាបេ បានប្រកាសជាផ្លូវការនូវការសម្រេចចិត្តរបស់លោកក្នុងការលាលែងពីតំណែងដោយសារហេតុផលសុខភាព។ លោកបានជូនដំណឹងដល់ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសេរីដែលក្នុងនោះលោកជាមេដឹកនាំ និងលោក Natsuo Yamaguchi មេដឹកនាំគណបក្សកូមេតូ (Komeito) ដែលជាផ្នែកមួយនៃសម្ព័ន្ធភាពកាន់អំណាច។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា «ខ្ញុំចង់បង្ហាញនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលជាមិត្តដ៏ល្អបំផុតរបស់ខ្ញុំ។ យើងមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា ហើយខ្ញុំពិតជាមានអារម្មណ៍មិនល្អទាល់តែសោះ ចំពោះការលាលែងពីតំណែងរបស់លោកនេះ។ គាត់ស្រឡាញ់ប្រទេសរបស់គាត់ខ្លាំងណាស់ ហើយសម្រាប់ការចាកចេញរបស់គាត់ ខ្ញុំមិននឹកស្មានថា វាជាអ្វីដែលនឹងកើតឡើងនោះទេ។ គាត់ជាសុភាពបុរសដ៏អស្ចារ្យម្នាក់ ដូច្នេះខ្ញុំចង់បង្ហាញនូវការគោរពដ៏ខ្ពស់ខ្ពស់បំផុតសម្រាប់គាត់»។

នាយករដ្ឋមន្រ្តីដែលកំពុងចាកចេញពីតំណែងដោយសារតែជំងឺដំបៅក្រពះ ដែលជាជំងឺរ៉ាំរ៉ៃបណ្តាលឱ្យគាត់បោះបង់ចោលតំណែងជានាយករដ្ឋមន្រ្តីតាំងពីឆ្នាំ ២០០៧ មក។ បើទោះបីជាមានកាលៈទេសៈបែបណាក៏ដោយ ក៏លោកបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីម្តងទៀតក្នុងឆ្នាំ ២០១២ និងបន្តក្លាយជាជនជាតិជប៉ុនដែលកាន់តំណែងជាប្រមុខរដ្ឋាភិបាលនេះបានយូរជាងគេ។

បណ្តាមេដឹកនាំនៅក្នុងពិភពលោកជាច្រើនមានការសោកស្តាយ ចំពោះការលាលែងរបស់លោក អាបេ ដែលរួមមានប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន មេដឹកនាំសហភាពអឺរ៉ុប លោក Charles Michel និងលោកស្រី Ursula von der Leyen រួមជាមួយមេដឹកនាំដទៃទៀត។

យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ ដែលបានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលបាននិយាយថា គណបក្សប្រជាធិបតេយ្យសេរីត្រូវបានគេរំពឹងថា នឹងបោះឆ្នោតជ្រើសរើសជាអ្នកស្នងតំណែងជាប្រមុខ រដ្ឋដែលកាន់អំណាចយូរជាងគេបំផុតរបស់ប្រទេសជប៉ុននៅថ្ងៃទី ១៥ ខែកញ្ញាខាងមុខនេះ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)