Facebook និង MRCS ដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីជូនដំណឹងជា​មុនស្តីពី​គ្រោះ​ទឹកជំនន់ និងព័ត៌មានតាមដានពីគ្រោះរាំងស្ងួតដល់ប្រទេសក្នុងទន្លេមេគង្គក្រោម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

បណ្តាញសង្គមហ្វេសប៊ុក (Facebook)និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRCS) បានប្រកាសដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមរួមគ្នាមួយ ដើម្បីផ្តល់ការជូនដំណឹង ជាមុន ស្តីពីគ្រោះទឹកជំនន់ និងព័ត៌មានតាមដានពីគ្រោះរាំងស្ងួត ដល់សហគមន៍ និងប្រទេសក្នុង តំបន់ទន្លេមេគង្គក្រោម។ នេះគឺជាកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកគំនិតផ្តួចផ្តើមរួមគ្នានេះមានគោលដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណជនជាទូទៅនៅក្នុងប្រទេសជាសមាជិកទាំងបួនរបស់MRC ដែលរួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម អំពីប្រព័ន្ធព័ត៌មានទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់MRCនិងបណ្តុះបណ្តាលសមត្ថភាពមន្ត្រីពាក់ព័ន្ធអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលតាមអ៊ីនធឺរណេត ចំពោះកិច្ចសហប្រតិបត្តិការនេះ គឺមានរយៈពេលមួយឆ្នាំពោលគឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១។ នេះ​បើ​យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ

លោកស្រី សានទិ អាឡិចហ្សានដឺរ (Shanti Alexander) អ្នកគ្រប់គ្រងកិច្ចការសហគមន៍របស Facebookប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា សម្រាប់ Facebook យើងតែងតែស្វែងរកមធ្យោបាយថ្មីៗ ដើម្បីផ្តល់ការគាំទ្រដល់កិច្ចការអភិវឌ្ឍន៍នៅក្នុងតំបន់នេះ ជា មួយនឹងឧបករណ៍សម្បូរបែបជាច្រើនដែលជួយដល់សហគមន៍ឱ្យចេះត្រៀមខ្លួនឆ្លើយតប និងស្តារឡើងវិញនូវសមត្ថភាព និងដើម្បីបង្កើតភាពធន់នឹងគ្រោះមហន្តរាយ លោកស្រី បានបញ្ជាក់ថា “យើងសប្បាយចិត្តដែលបានរួមគ្នាជាមួយ MRC ដើម្បីផ្តល់ព័ត៌មានពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលអាចកើតមានជូនប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងតំបន់នេះ ដើម្បីឱ្យពួកគេត្រៀមឱ្យបានកាន់តែប្រសើរសម្រាប់ប្រឈមនឹងវិបត្តិនេះ

បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីការបាត់បង់ផ្នែកសេដ្ឋកិច្ច ភាពក្រីក្រ និងគ្រោះមហន្តរាយ នៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ គេសង្កេត​​ឃើញថា ការបាត់បង់ផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ពីគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ បានកើនឡើងរហូតដល់ទៅ ៥០ភាគរយ។ នៅក្នុងតំបន់មេគង្គក្រោមចន្លោះពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៧​ ប្រទេសថៃបានរងការវាយប្រហារអាក្រក់បំផុត ដែលធ្វើឱ្យមានការខូចខាតជាទឹកប្រាក់ប្រមាណជា ៥២.៤ ពាន់លានដុល្លារអាម៉េរិក។ ទន្ទឹមនេះ បើយោងតាម MRC បានឱ្យដឹងថា ខណៈដែលទឹកជំនន់ប្រចាំរដូវបាននាំមកនូវអត្ថប្រយោជន៍ផ្សេងៗគ្នាដល់តំបន់ ការខាតបង់ប្រចាំឆ្នាំជាមធ្យមកើតចេញពីទឹកជំនន់នៅក្នុងអាងទន្លេមេគង្គក្រោម មានតម្លៃប្រមាណពី ៦០ ទៅ ៧០ លានដុល្លារអាម៉េរិកនេះបើគិតជារួម។ ប្រទេសកម្ពុជា និងវៀតណាមបានបាត់បង់ប្រមាណពីរភាគបីនៃការខូតខាតដោយទឹកជំនន់ប្រចាំឆ្នាំសរុបនៅក្នុងតំបន់ទន្លេមេគង្គ នេះបើគិតដោយឡែក ការសិក្សាជាច្រើនរបស់MRC នាពេលថ្មីៗនេះក៏បានបង្ហាញផងដែរថា ព្រឹត្តិការណ៍ទឹកជំនន់ ក្នុងតំបន់អាងទន្លេមេគង្គក្រោមបានកើនឡើង ជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរនៅក្នុង ប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយនិន្នាការនេះនឹងបន្តទៅមុខទៀត។ អាងទន្លេនេះ ក៏ងាយនឹងរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុបន្ថែមទៀតផងដែរ ដែលរួមបញ្ចូលទាំងកំណើនសីតុណ្ហភាពនៃមេដ្យានដែលបានព្យាករទុកប្រមាណ ០.៨ ដឺក្រេ នៅឆ្នាំ២០៣០។

លោកបណ្ឌិត អានុល័ក គិតិឃួន (AnoulakKittikhoun) ប្រធានមន្ត្រីផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូរបស់MRCSបានលើកឡើងថា យើងឃើញពីសារៈសំខាន់ខ្លាំងបំផុតនៃការ​​ផ្តល់នូវព័ត៌មានដែលគួរឱ្យទុកចិត្ត និងទាន់ពេលវេលា ស្តីពីកម្ពស់ទឹកដល់ប្រទេសនិងបណ្តាលសហគមន៍នានាតាមដងទន្លេមេគង្គដែលប្រឈមនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យពួកគាត់អាចចាត់វិធានការទាន់ពេលវេលា ក្នុងការជៀសវៀង ឬកាត់បន្ថយហានិភ័យ និងរៀបចំឆ្លើយតបប្រកបដោយប្រសិទ្ធិភាពលោកបណ្ឌិតបានបន្ដថា MRCបានដំឡើងស្ថានីយជលសាស្ត្រចំនួន ២២ តាមដងទន្លេមេនៃទន្លេមេគង្គ ក្នុងអាងទន្លេមេគង្គក្រោម ដើម្បីតាមដាន និងប្រមូលទិន្នន័យពីកម្រិតនិងកម្ពស់ទឹក និងបរិមាណភ្លៀងធ្លាក់នៅក្នុងទន្លេ ដែលទិន្នន័យទាំងនេះបានបញ្ចូលទៅក្នុងប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងគ្រោះរាំងស្ងួតមេគង្គរបស់MRCប្រព័ន្ធនេះ ផ្តល់ទិន្នន័យពីកម្ពស់ទឹកប្រចាំថ្ងៃដល់សាធារណៈជន និងរដ្ឋាភិបាលមេគង្គ រួមទាំងការជូនដំណឹងជាមុនពីគ្រោះទឹកជំនន់ និងការព្យាករពីគ្រោះរាំងស្ងួត ដែលមានរយៈពេលពេញមួយឆ្នាំ។ លោកបណ្ឌិតបានបន្ថែមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងពន្យល់ពី​​ប្រព័ន្ធផ្តល់ព័ត៌មួយនេះ តាមរយៈវីដេអូជីវចលស្រ៊ីឌីមួយ ដែលនឹងត្រូវចែកចាយលើបណ្តាញសង្គមFacebookដើម្បីឱ្យបានទៅដល់សហគមន៍អ្នកប្រើប្រាស់ទូទៅនៅក្នុងតំបន់នេះ។ ជាមួយគ្នានេះ Facebookក៏នឹងធ្វើការបំប៉នដល់មន្ត្រីពាក់ព័ន្ធមកពីប្រទេសជាសមាជិកទាំងបួនពីរបៀបប្រើប្រាស់ឧបករណ៍ឌីជីថលផ្សេងៗ ដើម្បីធ្វើការប្រាស្រ័យទាក់ទងឱ្យមានប្រសិទ្ធភាព និងរហ័ស ក្នុងអំឡុង និងក្រោយពេលមានគ្រោះមហន្តរាយ។

លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា “ការបណ្តុះបណ្តាលនឹងរួមបញ្ចូលនូវផែនទីដង់ស៊ីតេប្រជាជនរបស់Facebookដែលជាកម្មវិធីមួយប្រើប្រាស់បច្ចេកទេស រូបភាពដ៏ទំនើប ដើម្បីដាក់សំណុំទិន្នន័យសាធារណៈ និងបែបពាណិជ្ជកម្មតាមរយៈសមត្ថភាព អេអាយ(Artificial Intelligence) ហើយផែនទីទាំងនេះ មានលក្ខណៈលម្អិត រហូតដល់បីដងលើសពីប្រភពដែលមានស្រាប់”៕

ដោយ រិទ្ធី