បណ្តារដ្ឋមន្រ្តីអាស៊ាន និងកូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំក្នុងក្របខណ្ឌ AEM-52

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃទី ២៩ ខែសីហា បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធអ៊ិនធើណិតជាមួយបណ្តាដៃគូខាងក្រៅ រួមទាំងសាធារណរដ្ឋកូរ៉េ (RoK) ផងដែរនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ (AEM-52) និងកិច្ចប្រជុំពាក់ព័ន្ធនានា។

កិច្ចពិគ្រោះយោបល់ AEM-RoK លើកទី ១៧ នេះ ត្រូវបានដឹកនាំដោយលោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងលោក Yoo Myung-hee រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ។

បណ្តារដ្ឋមន្រ្តីដែលបានចូលរួមបាននិយាយអំពីផលប៉ះពាល់អវិជ្ជមាននៃការរាតត្បាតជំងឺកូវីដ-១៩ ទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងសង្គមនៅក្នុងតំបន់ ហើយពួកគេបានគូសបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើការងារជាមួយគ្នាដើម្បីជម្នះនូវជំងឺឆ្លង និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

ពួកគេបានលើកឡើងអំពីសារៈសំខាន់នៃការបើកទីផ្សារ និងការធានាសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពក្នុងតំបន់ ជាពិសេសសម្រាប់ទំនិញសំខាន់ៗដូចជា ការផលិតផលឱសថ និងចំណីអាហារនៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

គណៈប្រតិភូបានឯកភាពគ្នាថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គួរតែត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំនេះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពសង្គមក្នុងតំបន់។

ពួកគេបានកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន – សាធារណរដ្ឋកូរ៉េ នៅទីក្រុង ប៊ូសាន សាធារណរដ្ឋកូរ៉េ កាលពីខែវិច្ឆិកា នឹងបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់មេដឹកនាំក្នុងការលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគរវាងភាគីទាំងពីរដោយសម្រួលនីតិវិធីរដ្ឋបាល និងការតភ្ជាប់ទំនាក់ទំនងជាមួយវិស័យឯកជនក្នុងអំឡុងពេលដំណើរការ។

យោងតាមស្ថិតិបានបង្ហាញថា ពាណិជ្ជកម្មរវាងអាស៊ាន និងកូរ៉េខាងត្បូង បានឈានដល់តម្លៃ ១៥៦,៥ប៊ីលានដុល្លារអាមេរិកកាលពីឆ្នាំមុន ដែលមានចំនួន ៥,៦ភាគរយនៃប្រាក់ចំណូលពាណិជ្ជកម្មរបស់ក្រុមនេះជាមួយដៃគូខាងក្រៅ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)