ហ្វេសប៊ុកសហការជាមួយMRCលើកកម្ពស់ការយល់ដឹងពីគ្រោះមហន្តរាយតំបន់ទន្លេមេគង្គក្រោម

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ៣១ ០៨ ២០២០


MC: បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក(Facebook) និងលេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ(MRC) បានដាក់ឱ្យដំណើរការប្រព័ន្ធព័ត៌មានពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដល់ប្រទេសក្នុងតំបន់ទន្លេមេគង្គក្រោម ដើម្បីឱ្យប្រជាជននៅក្នុងតំបន់នេះបានដឹងជាមុន។
លោកស្រី សានទិ អាឡិចហ្សានដឺរ (Shanti Alexander) អ្នកគ្រប់គ្រងកិច្ចការសហគមន៍របស់ ហ្វេសប៊ុកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី៣១ ខែសីហានេះ បានឱ្យដឹងថា គំនិតផ្តួចផ្តើមរួមគ្នានេះ មានគោលដៅលើកកម្ពស់ការយល់ដឹងរបស់សាធារណជនក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម អំពីប្រព័ន្ធព័ត៌មានទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងបណ្តុះបណ្តាលសមត្ថភាពមន្ត្រីពាក់ព័ន្ធអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថលតាមអ៊ីនធឺណេត រយៈពេលមួយឆ្នាំពេញពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១។
យោងតាមរបាយការណ៍របស់MRC បានបង្ហាញថា ការខាតបង់ប្រចាំឆ្នាំជាមធ្យមកើតចេញពីទឹកជំនន់នៅក្នុងអាងទន្លេមេគង្គក្រោម មានតម្លៃប្រមាណពី៦០ ទៅ៧០លានដុល្លារអាមេរិក នេះបើគិតជារួម។ ប៉ុន្តែបើគិតដោយឡែក សម្រាប់ប្រទេសកម្ពុជា និងវៀតណាម បានបាត់បង់ប្រមាណពីរភាគបី នៃការខូតខាតដោយទឹកជំនន់ប្រចាំឆ្នាំសរុប។
ការសិក្សាជាច្រើនរបស់MRCនាពេលថ្មីៗនេះ ក៏បានបង្ហាញដែរថា ព្រឹត្តិការណ៍ទឹកជំនន់ក្នុងតំបន់អាងទន្លេមេគង្គក្រោមបានកើតឡើងជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរនៅក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយនិន្នាការនេះ នឹងបន្តទៅមុខទៀត។
លោកបណ្ឌិត អានុល័ក គិតិឃួន (Anoulak Kittikhoun) ប្រធានមន្ត្រីផ្នែកយុទ្ធសាស្ត្រ និងភាពជាដៃគូនៃលេខាធិការដ្ឋានMRC មានប្រសាសន៍ថា «យើងឃើញពីសារសំខាន់ខ្លាំងបំផុតនៃការផ្តល់នូវព័ត៌មានដែលគួរឱ្យទុកចិត្ត និងទាន់ពេលវេលាស្តីពីកម្ពស់ទឹកដល់ប្រទេស និងបណ្តាសហគមន៍នានាតាមដងទន្លេមេគង្គ ដែលប្រឈមនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យពួកគាត់អាចចាត់វិធានការទាន់ពេលវេលា។»
MRC បានដំឡើងស្ថានីយជលសាស្ត្រចំនួន២២ តាមដងទន្លេមេនៃអាងទន្លេមេគង្គក្រោម ដើម្បីតាមដាន និងប្រមូលទិន្នន័យពីកម្រិត និងកម្ពស់ទឹក និងបរិមាណភ្លៀងធ្លាក់នៅក្នុងទន្លេ ដែលទិន្នន័យទាំងនេះ បានបញ្ចូលទាំងការព្យាករទឹកជំនន់ និងគ្រោះរាំងស្ងួតរបស់មេគង្គ។ ប្រព័ន្ធនេះ ផ្តល់ទិន្នន័យពីកម្ពស់ទឹកប្រចាំថ្ងៃដល់សាធារណជន និងរដ្ឋាភិបាលមេគង្គ បានដឹងជាមុនរយៈពេលមួយឆ្នាំពេញ៕