រដ្ឋបាលរាជធានីភ្នំពេញកំពុងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋកំពុងរស់នៅអគារអង្គរជ័យ ដែលចាស់ទ្រុឌទ្រោមខ្លាំងណាស់មិនអាចរស់នៅបានទៀតឡើយ

វិទ្យុជាតិកម្ពុជា ៖​ ដោយ​ លោក​ហុក​ សុខរិន​

MC. រដ្ឋបាលរាជធានីភ្នំពេញកំពុងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអគារអង្គរជ័យ ទល់មុខអតីតអគារប៊ីអេស ដែលចាស់ទ្រុឌទ្រោមខ្លាំងណាស់មិនអាចរស់នៅបានទៀតឡើយ។

  រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២០បានបើកកិច្ចប្រជុំផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌទ្រោម ដោយមានការចូលរួមពី ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ដែលកំពុងស្នាក់ នៅអគារអង្គរជ័យ ដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស ជាអគារមួយមានសភាពចាស់ទ្រុឌទ្រោម មានអាយុកាល៧០ឆ្នាំហើយ ។

      ឯកឧត្តម ឃួង ស្រេង  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា អគារអង្គរជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស នៅកាច់ជ្រុង មហាវិថីព្រះមុនីវង្សកែងនិងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ជា យថហេតុ។ ឯកឧត្តមបញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបអាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះមកប្រជុំពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជៀសអោយបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ។

ឯកឧត្តមបញ្ជាក់ថា ជាដំណោះស្រាយអាជ្ញាធររាជធានីភ្នំពេញ នឹងរក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋ មានន័យថា បើរស់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញ រក្សាកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញនឹងស្វែងរកដៃគូ ដើម្បីធ្វើការវិនិយោគ អាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ អាចរកម៉ូយមកទិញអគារនេះឬក៏អាចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រៃអង្គាសគ្នាដើម្បីធ្វើការជួសជុលអគារនេះឡើងវិញ។ 

   ឯកឧត្តមអភិបាលបន្តទៀតថា អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញគឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីតាំងនេះជាមួយនឹងការប្រឈមមុខនូវហានិភ័យខ្ពស់ដូចសព្វថ្ងៃនេះទេ។ប្រជាពលរដ្ឋដែលរស់នៅលើអគារអង្គរមានជ័យនេះបានទទួលស្គាល់ថា អគារខាងលើពិតជាអគារចាស់ទ្រុឌទ្រោមពិតមែននិងសូមអោយអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ដោយដោះស្រាយ របៀបដូច ការដោះស្រាយនៅអគារនៅប៊ូឌីង ប្រជាពលរដ្ឋរីករាយជាមួយនឹងការដោះស្រាយទិញលក់ក្នុងតំលៃទីផ្សារសេរី ។

  គួរបញ្ជាក់ផងដែរថា អគារនៅទល់មុខអតីតអាគារពាណិជ្ជកម្មប៊ីអេសនេះ មានបងប្អូនប្រជាពលរដ្ឋរស់នៅចំនួន៦៥គ្រួសារស្មើនឹង១០១បន្ទប់ ប្រជាពលរដ្ឋរស់នៅទីនេះក៏ធ្លាប់ត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញបានធ្វើសេចក្តីជូនដំណឹងជម្រាបដល់បងប្អូនប្រជាពលរដ្ឋអំពីស្ថានភាព អគារចាស់ទ្រុឌទ្រោមដែលងាយប្រឈមគ្រោះថ្នាក់នេះរួចមកហេីយ៕