អាជ្ញាធរ ជាតិ បង្កើនការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥របស់រាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា គឹមហឿន ស្ទឹងត្រែង ៣១/ 0៨/ ២០២០

MC. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញឱ្យអាជ្ញាធរខេត្តស្ទឹងត្រែង អនុវត្តផែនការបង្ការ-ទប់ស្កាត់និងបង្ក្រាប ករណី ​ល្មើសគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥របស់រាជរដ្ឋាភិបាល។
ក្នុងប្រជុំផ្សព្វផ្សាយរបាយការណ៍ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ក់ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា៖ផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥របស់រាជរដ្ឋាភិបាល មានបំណងចង់ឱ្យកូនចៅប្រជាពលរដ្ឋកាន់តែមានការយល់ដឹង ពីករណីគ្រោះថ្នាក់បណ្តាលមកពីគ្រឿងញៀននិងថ្នាំញៀន ព្រោះថាអ្នកប្រើប្រាស់អ្នកញៀនគ្រឿងញៀនចាត់ទុកថាជា(ជនរងគ្រោះ)។
ឯកឧត្តមនាយឧត្តមសេនីយ៍មានប្រសាសន៍បន្ថែមថា៖ដើម្បីឱ្យផែនការលើកទី៥នេះមានប្រសិទ្ធភាពលេខាធិការដ្ឋានខេត្តត្រូវប្តេជ្ញា ធ្វើឱ្យភូមិឃុំគ្មានការជូញដូរ-ការរក្សាទុក-ការចែកចាយ-ការប្រើប្រាស់-និងការធ្វើចរាចរគ្រឿងញៀនពីតំបន់មួយទៅតំបន់មួយ ហើយភូមិ ឃុំនឹងក្លាយជាភូមិ-ស-គ្មានគ្រឿងញៀននិងថ្នាំញៀន។
លោកយង់សុវឌ្ឍនាអភិបាលរងខេត្តនឹងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖គណៈកម្មការត្រួតពិនិត្យគ្រឿងញៀន នឹងពង្រឹងកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅតាមបណ្តាឃុំសង្កាត់ បង្កើនកម្មវិធីផ្សព្វផ្សាយនឹងអប់រំ ជាពហុវិស័យឱ្យបានទៅដល់គ្រប់ទីកន្លែង ដើម្បីលុបបំបាត់ករណីគ្រឿងញៀននៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធ ភាព។
ឯកឧត្តមមានប្រសាសន៍ទៀតថា ៖ជាមួយនឹងការអប់រំ នៅក្នុងរយៈពេល០៧ខែឆ្នាំ២០២០កន្លងមកនេះសមត្ថកិច្ចគ្រប់ស្ថាប័នខេត្តស្ទឹងត្រែងអនុវត្តវិធានការអប់រំបាន១៥៨លើក មានអ្នកចូលរួម១៤.៧៤៤នាក់និងធ្វើសកម្មភាពបង្ក្រាបបាន២៤ករណី ចាប់យកវត្ថុតាងថ្នាំញៀន-ប្រភេទមេតំហ្វេតាមីនគ្រាប់(WY)ទម្ងន់សរុប១១៨,៩៤ក្រាម -ប្រភេទមេតំហ្វេតាមីន ពណ៌សថ្លា(ICW)ទម្ងន់សរុប៦.១៧២,៣១៥ក្រាម -វត្ថុតាងសង្ស័យថាថ្នាំញៀនក្រាមសថ្លា៧.១៤៧,២ក្រាមនិងឃាត់ខ្លួនជនសង្ស័យចំនួន៤៧នាក់ក្នុងនោះស្រី០៨នាក់។
សូមបញ្ជាក់ថា៖ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ចូលរួមក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង(ក្រសួងយុត្តិធម៌)និងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ដែលមាន៣ចំណុចសំខាន់ៗគឺការអប់រំ-ចលនាឱ្យទៅព្យាបាល-ពិនិត្យសកម្មភាពនិងគ្រប់គ្រងមុខសញ្ញាឱ្យបានម៉ត់ចត់៕