គ.ជ.ប ណែនាំមន្ត្រីចុះឈ្មោះបោះឆ្នោតអនុវត្តវិធានទប់ស្កាត់ជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ៣១ ០៨ ២០២០


MC: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ណែនាំដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនទាំងអស់ ឱ្យយកចិត្តទុកដាក់ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។
ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានបញ្ជាក់ថា មន្ត្រីក្រោមឱវាទ និងក្រុមចុះឈ្មោះបោះឆ្នោតទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នសម្រាប់បរិវេណខាងក្រៅ និងបរិវេណខាងក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ដោយសុំសហការជាមួយមន្ទីរសុខាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីចាត់វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម មានប្រសាសន៍ថា នៅបរិវេណខាងក្រៅត្រូវរៀបចំតុមួយដាក់អាល់កុល ឬជែលលាងដៃ ចំណែកនៅបរិវេណខាងក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវរក្សាគម្លាតយ៉ាងហោចណាស់រង្វង់១,៥ម៉ែត្រ ក្នុងអំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។ ជាមួយគ្នានេះ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមដោយ ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានត្រឹមត្រូវ និងត្រូវបង្កើនការយកចិត្តទុកដាក់អនាម័យផ្ទាល់ខ្លួន ពិសេសការលាងដៃដោយសាប៊ូ ឬទឹកអាល់កុល ឬជែលឱ្យបានញឹកញាប់ជាប្រចាំ ។
គ.ជ.ប នឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នៅថ្ងៃទី១ ខែតុលាខាងមុខ ទៅលើប្រជាពលរដ្ឋ ដែលមានបំណងកែតម្រូវឈ្មោះ ឬទិន្នន័យដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែល ទើបគ្រប់អាយុ១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ជាដើម។
គ.ជ.ប បានប៉ាន់ប្រមាណថា នឹងមានប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតថ្មីប្រមាណជាង២៨ម៉ឺននាក់ ត្រូវចុះឈ្មោះបោះឆ្នោតថ្មីនៅឆ្នាំ២០២០នេះ៕