រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីជិះកង់មនុស្សធម៌ គាំទ្រអតីតយុទ្ធជន ដោយជិះពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកអង្គស្នួល

AKP កណ្តាល ថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២០–

នៅថ្ងៃ១២កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីជិះកង់មនុស្សធម៌ គាំទ្រអតីតយុទ្ធជន ដែលជិះពីក្រុងតាខ្មៅ ឆ្ពោះទៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និង ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តកណ្តាល អមដំណើរដោយអ្នកចូលរួមជាច្រើននាក់ទៀត ។
នៅចំពោះមុខគ្រួសារអតីតយុទ្ធជន ឯកឧត្តម សុខ ចិន្តាសោភា បានគូសបញ្ជាក់ថា យើងទាំងអស់គ្នាសុទ្ធតែទទួលនូវមេរៀនដ៏ជូរចត់ក្នុងជីវិត។ ដូចនេះបងប្អូនត្រូវតែចងចាំ ត្រូវតែរួមគ្នាទប់ស្កាត់កុំឱ្យវិនាសកម្មបែបនេះកើតឡើងម្តងទៀតជាដាច់ខាត ។ យើងទាំងអស់គ្នាក៏ត្រូវខិតខំរួមគ្នាថែរក្សាការពារ នូវសុខសន្តិភាព ដែលយើងទាំងអស់កំពុងតែទទួលបាននេះឱ្យបានគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយ។ ត្រូវរួមគ្នាការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបន្តការដឹកនាំរាជរដ្ឋាភិបាល និងគាំទ្រនូវគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា អំណោយចែកជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតចំនួន៤៧គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ម៉ាសចំនួន១០ សៀងផ្អែម១យួរ ឆៃប៉ូវ១គីឡូក្រាម ស្ករស១គីឡូ ក្រាម ទឹកភេសជ្ជៈ AD ១យួរ ទឹកភេសជ្ជៈ u power ១យួរ ទឹកភេសជ្ជៈSponser ចំនួន១កេស និងថវិកា ៥ម៉ឺនរៀលផងដែរ ៕ ដោយ៖ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល)