KOICA ផ្តល់ជំនួយសន្តិសុខស្បៀងដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជា​ដោយសារកូវីដ-១៩ ចំនួន ២,០០០គ្រួសារ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បានផ្តល់កញ្ចប់ជំនួយសន្តិសុខស្បៀង និង​​ការឆ្លើយតបទៅនឹងកូវីដ-១៩ ដល់ប្រជាជនក្រីក្រដែលកំពុងជួបការលំបាកនៅប្រទេស​កម្ពុជា។ ការផ្ដល់កញ្ចប់ជំនួយសន្តិសុខស្បៀងនេះ ធ្វើឡើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ KOICA បានទិញផលិតផលក្នុងស្រុក ដើម្បីរៀបចំជាកញ្ចប់ស្បៀង រៀបចំដោយការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា សម្រាប់ឧបត្ថម្ភជាសន្តិសុខស្បៀង និងទ្រទ្រង់ជីវភាពប្រជាជនកម្ពុជា។

ជាមួយគ្នានេះ KOICA បានចែកជូនដល់ប្រជាជន​ងាយ​រង​គ្រោះចំនួន ២,០០០គ្រួសារ ក្នុងនោះមានប្រជាជនចំណាកស្រុក ប្រជាជនជួបការ​លំបាក​នៅទីលានចាក់សំរាម ប្រជាជនក្រីក្រ នៅតំបន់គោលដៅចំនួន៦ខេត្ត ក្រុង រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តឧត្តមានជ័យ ខេត្តបាត់ដំបង និងខេត្ត​សៀមរាប។ នេះបើយោងតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅ​កម្ពុជា​(KOICA)។

ឯកឧត្តម ផាក ហ៊ឹងខ្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅប្រទេសកម្ពុជា​បាន​មានប្រសាសន៍ថា “យើងបានព្យាយាមប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន ដែលផលិតដោយសហគ្រាសសង្គមដែលផលិតដោយជនងាយរងគ្រោះ។ ដូចនេះយើង​មិនត្រឹមតែអាចជួយប្រជាជនស្ថិតនៅក្នុងគម្រោងជំនួយរបស់យើងប៉ុណ្ណោះទេ គឺយើង​បានជួយដល់សេដ្ឋកិច្ចនិងប្រជាជនដែលកំពុងជួបការលំបាកបន្ថែមទៀត”។

ឯកឧត្ដម​ឯកអគ្គ​រដ្ឋទូតបានបញ្ជាក់ថា ការផ្តល់ជំនួយនេះគឺជាផ្នែកមួយនៃគម្រោងឆ្លើយតបនឹងកូវីដ-១៩ ដែលមានទឹកប្រាក់ចំនួន ១លានដុល្លារ ដែលរៀបចំដោយទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរ​​ជាតិកូរ៉េ ប្រចាំនៅប្រទេសកម្ពុជា ដែលកម្មវិធីបន្ទាប់នឹងមានការផ្តល់ជំនួយនូវ​ទូរ​សុវត្ថិភាពដើម្បីយកសំណាកសម្រាប់ធ្វើតេស្តកូវីដ-១៩ (positive pressurized walk-through booth for quick and safe COVID-19 testing)។

សូមបញ្ជាក់ថា ការផ្តល់កញ្ចប់ស្បៀងនេះគឺស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការរវាង​អាជ្ញា​ធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលរបស់សាធារណរដ្ឋកូរ៉េ នៅក្នុងតំបន់គោល​ដៅ ដូចជា សហគមន៍ ហ្គ្រីនបឺអែល(Green Bethel Community) មជ្ឈមណ្ឌលបណ្តុះ​បណ្តាល​ជនពិការបន្ទាយព្រាប(Banteay Prieb Training Center for the Disabled) សមាគមន៍​គាំទ្រការអប់រំជនភាសន៍ខ្លួន សម្រាប់អាហ្វ្រិក និងអាស៊ី (African Asia Refugee Education Support Association) មូលនិធីសម្រាប់កុមារ (Children’s Foundation) អង្គការចែករំលែក​ពិភពលោក(World Share) អង្គការស្ពានមនុស្សពិភពលោក (World Human Bridge), និង អង្គការវីដ (WITH)។ ទន្ទឹមនេះ ក្នុងកញ្ចប់ជំនួយនោះមានម្ហូបអាហារ​និងផលិតផល​សុខភាព​ចំនួន ១២មុខដូចជា អង្ករ២៥គីឡូក្រាម ត្រីងៀត១គីឡូក្រាម ត្រីខកំប៉ុង និង​មី១កេស ស្ករត្នោត គ្រឿងទេស ម៉ាស់ និងសៀវភៅអប់រំអំពីកូវីដ-១៩។ អង្ករចំនួន៥តោន​ត្រូវបានទិញពីសហករណ៍កសិករ ស្ករត្នោតទិញពីអង្គការHESED ដែលជាដៃគូសហការ​របស់ KOICA ដែលចំណូលបានពីការលក់ផលិតផលនេះបានផ្តល់ជូនដល់​ប្រជាជនក្រក្រី​ដែល​ធ្វើការនៅក្នុងអង្គការនេះ។ ចំណែកម៉ាស់បានទិញពីអង្គការ GOEL ដែលជាសហ​គ្រាសសង្គមជួយដល់ស្រ្តី និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជនពិការបន្ទាយព្រាប ហើយ​ថវិកាពីការចំណេញបានផ្តល់ជូនទៅដល់ស្រ្តី និងជនពិការនៅក្នុងមជ្ឈមណ្ឌល​នេះ៕​

ដោយ រិទ្ធី