អភិបាលរាជធានីភ្នំពេញនិងលោកជំទាវរៀបចំកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះនិងងាយរងគ្រោះចំនួន៤០០នាក់នៅមណ្ឌលសំចតសង្គមកិច្ចព្រៃស្ពឺ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​

ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ នៅថ្ងៃទី២៩ ខែសីហានេះ បានដឹកនាំក្រុមការងារចុះរៀបចំកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះនិងងាយរងគ្រោះចំនួន៤០០នាក់ដែលកំពុងសំចតនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ដើម្បីបង្ហាញពីការអាណិតស្រឡាញ់ និងយកចិត្តទុកដាក់ថែទាំជូនជនរងគ្រោះទាំងនេះ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលបានសម្តែងការអាណិតស្រលាញ់ ដោយអះអាងថារាជរដ្ឋាភិបាលបានយកចិត្តទុកដា ក់ជាខ្លាំងការក្នុងផ្គត់ផ្គង់ជីវភាព ការថែទាំសុខភាពដើម្បីអោយពួកគេបានរស់នៅក្នុងស្ថានភាពកាន់តែប្រសើរ។

មន្រ្តីក្រសួងសង្គមកិច្ចបានឲ្យដឹងថាមជ្ឈមណ្ឌលសង្គមកិច្ចព្រៃស្ពឺនេះក្រៅពីមានអគារស្នាក់នៅកន្លែងផ្តល់សេវា​ថែទាំងសុខភាពដល់ជនវិកលចរិក ជនអនាថា ដែលជនរងគ្រោះនិងងាយរងគ្រោះនោះក៏មានការផ្តល់ជំនាញវិជ្ជាជីវៈដល់ពួកគេផងដែរ ដើម្បីឲ្យពួកគេពេលសមាហរណកម្មត្រលប់ទៅសហគមន៍វិញមានមុខជំនាញច្បាស់លាស់ ដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯងដេី ម្បីលើកកម្ពស់ជីវភាពនៅក្នុងសង្គម។

ជនរងគ្រោះ ជនងាយរងគ្រោះ ឬជនវិកលចរិកដែលរស់នៅក្នុងមជ្ឈមណ្ឌលនេះភាគ​ច្រើន​គឺគ្មានសាច់ញាតិថែទំាងឲ្យបានឌិតដល់ឡើយ ដោយពួកគេរស់នៅដោយអនាថាតាម​សំយាបផ្ទះ សួនច្បារ ឬដើរត្រាចចរនៅតាមទីសាធារណៈជាដើម។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីទទួលទាននំបញ្ចុកសន្តិភាពជូនដល់ក្រុមជនរងគ្រោះនិងងាយរងគ្រោះចំនួន៤០០នាក់នៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ឯកឧត្តមអភិបាល និងលោកជំទាវ បានចែកជូនក្រម៉ា ថ្នាំពេទ្យ និង​ថវិកា​មួយ​ចំនួន​ទៀត​ ដើម្បីទុកបង្កានិងព្យាបាលជំងឺជាដើម។