សហគមន៍កសិកម្មចំនួនបីនៅខេត្តព្រះវិហារដាំឫស្សីទំពាំងផ្អែមកំពុងមានតម្រូវការទីផ្សារល្អ

វិទ្យុជាតិកម្ពុជា  អត្ថបទ វ៉ែន សុវុទ្ធី 

MC: សហគមន៍កសិកម្មចំនួនបីនៅខេត្តព្រះវិហារ បាននាំគ្នាដាំឫស្សីទំពាំងផ្អែម  ដែលកំពុងមានតម្រូវការទីផ្សារល្អ និងអាចផ្ដល់ចំណូលបានច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។

លោក ពឹង ទ្រីដាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានប្រាប់វិទ្យុជាតិកម្ពុជាថា  មន្ទីរបានជំរុញឱ្យប្រជាសហគមន៍ចំនួនបី ស្ថិតនៅស្រុករវៀង និងស្រុកឆែប ឱ្យនាំគ្នាដាំឫស្សីទំពាំងផ្អែមនេះ ព្រោះកំពុងមានទីផ្សារ  អាចរកប្រាក់ចំណូលសម្រាប់ប្រជាសហគមន៍បន្ថែមទៀត  ស្របពេលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញឱ្យមានការធ្វើកសិកម្មក្នុងប្រទេសកាន់តែច្រើន ។

លោកបន្តថា បច្ចុប្បន្ននេះទីផ្សារទំពាំងផ្អែមមានការពេញនិយមពីអ្នកបរិភោគ ក្នុងស្រុក  និងកំពុងមានតម្លៃខ្ពស់  បើនៅរដូវប្រាំងអាចលក់បាន១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ហើយរដូវវស្សាលក់បានពី៥ពាន់រៀលទៅ ៧ពាន់រៀលក្នុងមួយគីឡូក្រាម ។

សំឡេង៖ « បងប្អូនប្រជាសហគមន៍ព្រៃឈើយើងដែលមានដីទំនេរ និងដីចន្លោះនៅព្រៃរេចរឹល គាត់អាចដាំឫស្សីបាន យើងជំរុញឱ្យគាត់ដាំឫស្សីទំពាំងផ្អែមនេះ យើងផ្តល់លក្ខណៈសេដ្ឋកិច្ចខ្ពស់ អ៊ីចឹងយើងចង់ឱ្យសហគមន៍ព្រៃឈើមានការចូលរួម។ ក្រោយពីថែរក្សាអភិរក្សព្រៃឈើហើយចង់ឱ្យគាត់មានចំណូលទៅលើសហគមន៍របស់គាត់ពីការដាំឫស្សីទំពាំងផ្អែមនេះ  ហើយគាត់ជីកទំពាំងនឹងបានថវិកាចូលសហគមន៍ទៀត»។

លោកបានបន្ថែមថា ការដាំឫស្សីទំពាំងផ្អែមនេះ ក៏បានជួយការពារដី កុំឱ្យទឹកហូរច្រោះដី  និងរក្សាបាននៅភាពបៃតងជាប់ជានិច្ច។ ដំណាំឫស្សីទំពាំងផ្អែម វាមានភាពងាយស្រួលដាំ និងថែទាំជាងដំណាំផ្សេងៗ  ដោយមានការលូតលាស់រហ័ស​ហេីយ​ អាចទាញយកផលបានគ្រប់រដូវកាល។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តព្រះវិហារមានដាំដំណាំឫស្សីទំពាំងផ្អែមបានចំនួនជាង៣០ហិកតា នៅក្នុងសហគមន៍ចំនួន៣នៃស្រុករវៀង និងឆែបខេត្តព្រះវិហារ៕