ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបញ្ជាក់ថា កម្ពុជាត្រូវកែច្នៃសក្តានុពលដែលមានស្រាប់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបញ្ជាក់ថា  កម្ពុជាត្រូវកែច្នៃសក្តានុពលដែលមានស្រាប់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ខណៈវិស័យនេះដើរតួនាទីសំខាន់ក្នុងកំណើន សេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា វិស័យទេសចរណ៍ គឺជាវិស័យមួយដែលចាំបាច់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច ដូច្នេះកម្ពុជាត្រូវតែធ្វើការកែច្នៃនូវសក្តានុពលដែលមានស្រាប់ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន ។

ថ្លែងក្នុងវេទិកាពិភាក្សាតុមូលស្ដីពីថាតើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្ដេច សម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា  ឯកឧត្តមសុខ ទូច មានប្រសាសន៍ថា ទេសចរណ៍មាន៥ប្រភេទ គឺ ទេសចរណ៍វប្បធម៌ ទេសចរណ៍បរិស្ថាន ទេសចរណ៏សិប្បនិម្មិត ទេសចរណ៍ផលិតផល និងទេសចរណ៍មេឌីស៊ីន ។

ឯកឧត្តមបានលើកឧទាហរណ៍ថា អង្គរជាតំបន់មួយដែលមានសក្តានុពល  ដូច្នេះយើងត្រូវចេះកែច្នៃឱ្យមានការទាក់ទាញ ដូចជា ការដើរមើលសំលៀកបំពាក់អប្សរា ការធ្វើម៉ូតសក់ របស់នារីកម្ពុជាកាលពីសតវត្សរ៍ទី១០ អាចស្លៀកពាក់ថតជាមួយអប្សរាក៏បាន  ស្លៀកពាក់ដើរតួខ្លួនឯងក៏បាន  ដែលអ្វីទាំងនេះគឺយើងអាចរកបានចំណូលបន្ថែមទៀត ពីការលក់សំបុត្រចូល ។

ឯកឧត្តមបន្តថា ចំពោះបឹងទន្លេសាបវិញ ក៏ជាផ្នែកមួយ នៃទេសចរណ៍ ដែលយើងអាចធ្វើការកែច្នៃឱ្យមានជាការទស្សនាប្រភេទត្រី នៅក្រោមទន្លេជាដើម ។

សំឡេង«ខ្ញុំជឿជាក់ថាអ្វីៗទាំងអស់កម្ពុជាត្រូវតែរៀបចំខ្លួនធនធានមនុស្សប្រើប្រាស់សក្តានុពលដែលមានគ្រាន់តែបឹងទន្លេសាបមួយយើងអាចធ្វើចរន្តទេសចរជាឋានសួគ៌ ទន្លេមេគង្គថា មាន៥តាមពិត៦ប្រទេសចិន ភូមា ថៃ ឡាវ កម្ពុជា វៀតណាម។ប៉ុន្តែបើអ្នកឯងមកបឹងទន្លេសាប គឺជាមជ្ឈមណ្ឌល ត្រីដែលមាននៅក្នុងអនុតំបន់ទន្លេមេគង្គ អាចធ្វើទេសចរណ៏សិប្បនិម្មិត ចុះទៅបឹងទន្លេសាបមើលត្រីដែលមាន ប៉ុន្តែមុននឹងមើលបឹងទន្លេសាបឱ្យមើលក្នុងស្ទូឌីយោបញ្ចាំងត្រីដែលមានក្នុងបឹងទន្លេសាបឱ្យគេមើល បើចិនច្រើនដាក់អក្សរចិន បើកូរ៉េច្រើនដាក់អក្សរកូរ៉េ យើងត្រៀមខ្លួនអ៊ីចឹងទៅ »។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្ថែមថា យើងត្រូវធ្វើយ៉ាងណាជំរុញផលិតផលវត្ថុអនុស្សាវរីយ៍របស់យើង ដើម្បីឱ្យភ្ញៀវទេសចរដែលមកលេងកម្សាន្តហើយ អាចទិញផលិតផលខ្មែរទៅប្រទេសគេវិញ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ឱ្យប្រកបដោយគុណភាព និងប្រសិទ្ធភាព ៕