រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកទឹកចិត្តសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាត្រូវសហការគ្នាបម្រើវិស័យព័ត៌មានឱ្យរីកចម្រើន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី 

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកទឹកចិត្តសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាត្រូវសហការគ្នាបម្រើវិស័យព័ត៌មានឱ្យរីកចម្រើន និងផ្តល់ព័ត៌មានកាន់តែទូលំទូលាយដល់មហាជន។

ក្នុងឱកាសអនុញ្ញាតឱ្យ ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះនៅទីស្តីការក្រសួងព័ត៌មាន  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សមាគមត្រូវរួមសហការជាមួយស្ថាប័នជំនាញដោយត្រូវបើកវគ្គ       បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ជូនដល់អ្នកសារព័ត៌មានឱ្យច្រើន។                       ឯកឧត្តមរដ្ឋមន្រ្តីបន្តថា នៅកម្ពុជាបច្ចុប្បន្ន មានសមាគមសារព័ត៌មាន ប្រមាណជាង៤០ស្ថាប័ន តែមានតែ២ទៅ៣ស្ថាប័នប៉ុណ្ណោះ ដែលបានធ្វើការងារយ៉ាងសកម្ម ច្រើនជាងគេ  ។

ឯកឧត្តមបញ្ជាក់ដែរថា ដោយសារបច្ចុប្បន្ន វិស័យសារព័ត៌មាន កាន់តែមានការវិវឌ្ឍរីកចម្រើន នឹងធ្វើការកែទម្រង់ កាន់តែស៊ីជម្រៅ តាមរយៈការពង្រឹងវិជ្ជាជីវៈ ក្រមសីលធម៌ សារព័ត៌មាន  ដោយក្នុងនោះទាមទារ ឱ្យថ្នាក់ដឹកនាំគ្រប់គ្រងស្ថាប័នសារព័ត៌មាននីមួយៗ ត្រូវតែមានសមត្ថភាព និងវិជ្ជាជីវៈសារព័ត៌មានពិតប្រាកដ ទើបអាចដំណើរការងារទៅបាន ប្រកបដោយប្រសិទ្ធភាព ។

លោកហោ គន្ធាប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានទទួលយករាល់អនុសាសន៍អប់រំណែនាំ ចង្អុលបង្ហាញ ពីទិសដៅការងាររបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដើម្បីឱ្យសមាគម បន្តភារកិច្ចរបស់ខ្លួនទៅមុខទៀតប្រកបដោយជោគជ័យ ពិសេសការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងទូលំទូលាយ៕