ប្រជាពលរដ្ឋស្រុកអង្គរធំ ខេត្តសៀមរាបយកផ្លែដូងច្នៃធ្វើជារូបសត្វផ្សេងៗសម្រាប់លក់ផ្គត់ផ្គង់ជីវភាព

វិទ្យុជាតិកម្ពុជា៖ លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប
ប្រជាពលរដ្ឋស្រុកអង្គរធំខេត្តសៀមរាបបានយកផ្លែដូង មកច្នៃធ្វើជារូបសត្វផ្សេងៗ សម្រាប់លក់ឱ្យភ្ញៀវទេសចរ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាព ក្នុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ-១៩។

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងស្រុកអង្គរធំខេត្តសៀមរាប  បានយកផ្លែដូងមកកែច្នៃជារូប សត្វផ្សេងៗមានដូចជា

ទន្សាយ មេអំបៅ កន្លង់ និងសត្វឃ្មុំជាដើម ដើម្បីលក់ឱ្យភ្ញៀវទេសចរនៅខេត្តសៀមរាប ។

អ្នកស្រីឆន ចម្រើន រស់នៅភូមិគោលគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាបបានឲ្យដឹងថា ការបែកគំនិតបែបនេះ គឺផ្តើមចេញពី ការយកផ្លែដូងទុំមកធ្វើជារបស់របរឱ្យកូនក្មេងៗលេង ពេលធ្វើជារូបសត្វផ្សេងៗទៅស្អាត អ្នកភូមិក៏បាននាំគ្នាផលិតកាន់តែច្រើន ដើម្បី យកទៅលក់ជាវត្ថុអនុស្សាវរីយ៍ សម្រាប់តាំងលម្អគេហដ្ឋាន ហាងលក់ដូរ និងសួនកម្សាន្តផ្សេងៗ។

អ្នកស្រីបន្តថា ពីមុនអ្នកស្រី ជាជាងអ៊ុតសក់ ប៉ុន្តែដោយសាររបរនេះរកចំណូលមិនបាន ក៏សម្រេចចិត្ត ចាប់យកមុខរបរថ្មី គឺធ្វើវត្ថុ អនុស្សាវរីយ៍រូបសត្វផ្សេងដោយច្នៃចេញពីផ្លែដូងវិញម្ដង។  ការកែច្នៃរូបសត្វទាំងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដោយពួកគេទិញយកទៅតាំងលម្អនៅតាមគេហដ្ឋាន ហាងលក់ដូរ ឬកន្លែងកម្សាន្តនានា។ 

សំឡេង៖«ទើបចាប់ផ្តើមក្នុងអំឡុងពេលកូវីដ ពេលទំនេរអត់មានការងារធ្វើ ធ្វើលេងបាញ់ថ្នាំស្អាតៗក៏ដាក់លក់ទៅ គេឃើញក៏ធ្វើតាម គ្នាទៅ ក៏ដាច់ទាំងអស់គ្នាទៅ អត់មានចំណាយពេលយូរទេ ដូងមានធ្វើដូចជា ចាប កំភេម កន្ទុំរុយ មេអំបៅ ឪម៉ាល់ ឃ្មុំ  និងទន្សាយ បើគេកម្មង់ក៏ធ្វើទៅ បើមិនមានកម្មង់ក៏លក់តាមដំណើរ អត់ទៀងទេ ថ្ងៃណាដាច់ក៏១០សត្វ ៥សត្វ ៣ឬ៤សត្វអត់ទៀង។ មានតូច និង មានធំ លក់តាមហ្នឹងទៅ។ អាធំលក់បាន២ម៉ឺនរៀល។ កណ្ដាលបាន១៥០០០រៀល អាតូច១៣០០០រៀល ពេលលក់ដាច់ទៅមានអារម្មណ៍ថា សប្បាយចិត្ត អាចជួយរកចំណូលជួយគ្រួសារមួយគ្រា»។

ជាមួយគ្នានោះ អ្នកស្រីបានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សូមជួយគាំទ្រវត្ថុអនុស្សាវរីយ៍ ដែលជាស្នាដៃកូនខ្មែរនេះ ដើម្បីជាការចូលរួមចំណែក បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ បង្កើតមុខរបរជួនប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយចំណាកស្រុកជាដើម៕