ឆ្នេរពយជំទាវម៉ៅក្នុងខេត្តព្រះសីហនុនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ

MC៖ ឆ្នេរពយជំទាវម៉ៅនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់បម្រើវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ  ខណៈឆ្នេរថ្មីនេះ មានទេសភាពស្អាត ទីធ្លាធំទូលាយ និងមានភាពងាយស្រួល ក្នុងការងូតទឹកកម្សាន្ត ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាថា អាជ្ញាធរខេត្ត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធបានរៀបចំផែនការមេ ដើម្បីឱ្យឆ្នេរពយជំទាវម៉ៅនេះកាន់តែមានភាពទាក់ទាញ ។  តាមផែនការអាជ្ញាធរនឹងរៀបចំតុបតែងហេដ្ឋារចនាសម្ព័ន្ធសួនច្បារ បន្ទប់ទឹក និងការដាក់ពង្រាយធុងសំរាមឱ្យត្រឹមត្រូវបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន។

លោកប្រធានមន្ទីរបន្ថែមថា ក្រៅពីនេះ ឆ្នេរជំទាវម៉ៅ ត្រូវបានរដ្ឋបាលខេត្តរៀបចំអភិវឌ្ឍឆ្នេរសមុទ្រជាបន្តបន្ទាប់ ។ ដូចជាឆ្នេរអារីស្តុន ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាលជាដើម ។

សំឡេង៖ «អ៊ីចឹងឆ្នេរដែលទាក់ទាញបំផុត នៅថ្ងៃក្រោយយើងគឺឆ្នេរពយជំទាវម៉ៅហ្នឹងហើយកន្លែងហ្នឹងគឺយើងនឹងរៀបចំរមណីយដ្ឋានឆ្នេរដែលមានសកម្មភាពកម្សាន្ត Beach Volleyball អាចមានកន្លែងភ្ញៀវគេង កន្លែងប្រកួតកីឡាផ្សេងៗ ការរៀបចំពិពណ៌ផ្សេងៗ និងមានចំណត បន្ទប់ទឹកស្អាតហើយអាចនឹងសិក្សារៀបចំទៅ Food street ស្ដង់ដារវិថីម្ហូបអាហារ ។ អាចរៀបចំសកម្មភាពកម្សាន្តផ្សេងៗពេលយប់ ព្រោះវាជាតំបន់ដាច់ដោយឡែកមួយពីភូមិឋានដែលឱ្យភ្ញៀវអាចដើរលេងកម្សាន្តរហូតដល់ភ្លឺបាន អ្វីដែលសំខាន់នោះយើងរៀបចំពង្រឹងសន្តិសុខសុវត្ថិភាពបាន ហើយវាជាតំបន់មួយដែលទាក់ទាញសំខាន់ណាស់សម្រាប់ឆ្នេរនៅក្នុងខេត្តព្រះ      សីហនុ  យើងកំពុងធ្វើហើយ យើងកំពុងសិក្សាហើយ»។

លោក តាំង សុចិត្រគ្រឹស្នាបន្តថា ឆ្នេរពយជំទាវម៉ៅនេះ  ជាឆ្នេរមួយដែលយើងមិនធ្លាប់មានពីមុនមកទេ  ដោយសារតែឆ្នេរមួយនេះ មានលក្ខណៈធំទូលាយ មានរុក្ខជាតិ បែបធម្មជាតិដ៏ស្រស់ស្អាត នៅអមតាមមាត់ឆ្នេរ មានប្រវែងរហូតទៅដល់ជិត១៣គីឡូម៉ែត្រ៕