អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាអះអាងថា ទិដ្ឋភាពខាងលិចប្រាសាទអង្គរវត្ត កំពុងតែរៀបចំ​កែ​ប្រែ ដើម្បីឱ្យកាន់តែមានសម្រស់ស្រស់ស្អាត

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានអះអាងថា ចាប់ពីថ្ងៃនេះទៅ បរិវេណ​ខាងលិចប្រាសាទអង្គរវត្តទាំងស្រុង នឹងរៀបចំប្រែក្លាយរូបរាងទៅជាទិដ្ឋភាពមួយ​កាន់តែ​​មាន​សម្រស់ស្រស់ស្អាតជាមួយនឹងភាពបៃតងនៃដើមឈើ វាលស្មៅ និងផ្កាចម្រុះ​ពណ៌។ ការបញ្ជាក់របស់លោក ឡុង កុសល នេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដោយ​​លោកបានបន្ថែមថា សូមកុំភ្លេចមកលេងអង្គរវត្ត មកម្តងនេះ ភ្ញៀវទេសចរពិត​ជា​ប្លែក​ភ្នែក​នឹងភាពស្រស់ស្អាតត្រជាក់ចិត្តមិនខាន។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។

លោកបានលើកឡើងថា ពេលនេះក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងតែមមាញឹក​នៅក្នុងការរៀបចំសួនច្បារបន្ថែមទៀត ដោយការដាំស្មៅ ដាំកូនឈើ ដាំផ្កាលម្អ រៀបចំ​ផ្លូវដើរ កាត់ស្មៅ និងថែទាំរុក្ខជាតិដែលដាំហើយយ៉ាងសកម្ម។ លោកបានបន្ដថា ក្រុមការ​ងារ​ក៏បាន​រៀបចំប្រព័ន្ធរំដោះទឹក រួមទាំងការរៀបចំសណ្តាប់ធ្នាប់ផ្សេងៗកាន់តែប្រសើរ​ជាង​មុន ដើម្បីឱ្យបរិវេណខាងលិចប្រាសាទអង្គរវត្តកាន់តែមានរបៀបរៀបរយ​និងស្រស់​ស្អាត​គួរ​ឱ្យចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតំបន់រមណីយដ្ឋាន​អង្គរ ដើម្បីលម្ហែចិត្តលម្ហែកាយនិងផ្តិតយករូបភាពដ៏ស្រស់ត្រកាលទាំងនេះ​ទុកជា​អនុស្សាវរីយ៍។

គួរបញ្ជាក់ផងដែរថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំសួនច្បារនៅខាងលិច ប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមពីដើមឆ្នាំ២០២០ ជាមួយនឹងការរុះរើសំណង់តូបលក់ដូរ ផង។ គិតមកដល់ពេលនេះ យុទ្ធនាការរុះរើសំណង់ភោជនីយដ្ឋាន អាគាររដ្ឋ តូបលក់ដូរ​ម្ហូប​អាហារ លក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ប្រមាណជា១៥០ខ្នង​ ក៏បានរួចរាល់អស់​ទាំងស្រុងដោយការស្ម័គ្រចិត្តពីម្ចាស់កម្មសិទ្ធិ។ ចំពោះទីធ្លាខាងលិចប្រាសាទអង្គរវត្ត​នេះ ​ក៏​ពេញទៅដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសួនច្បារបៃតងបង្អួតសម្រស់ធម្មជាតិដ៏ស្រស់បំព្រងប្លែកភ្នែកជាខ្លាំងដល់ទេសចរណ៍តាមការគ្រោងទុក៕

 

ដោយ រិទ្ធី