បណ្តារដ្ឋមន្រ្តីការពារជាតិសហភាពអឺរ៉ុបពិភាក្សាគ្នាអំពីស្ថានភាពនៅតំបន់មេឌីទែរ៉ាណេ ខាងកើតនៅបេឡារុស្ស និងអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០​ — អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ថា បណ្តារដ្ឋមន្រ្តីការពារជាតិរបស់សហភាពអឺរ៉ុបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ អំពីភាពតានតឹងនៅប្រទេសក្រិក និងតួកគីនៅតំបន់មេឌីទែរ៉ាណេខាងកើតស្ថានភាពនៅអាហ្វហ្គានីស្ថាន និងបេឡារុស្ស ។

លោក Stoltenberg បាននិយាយបន្ទាប់ពីលោកស្រី Merkel បានធ្វើអត្ថាធិប្បាយអំពីការងាររបស់ប្រទេសអាល្លឺម៉ង់ក្នុងការកាត់បន្ថយភាពតានតឹងរវាងសម្ព័ន្ធមិត្តណាតូនៅក្នុងតំបន់ថា «យើងទាំងអស់គ្នាមានការព្រួយបារម្ភអំពីស្ថានភាពនៅតំបន់មេឌីទែរ៉ាណេខាងកើត។ ហើយខ្ញុំសូមស្វាគមន៍ចំពោះការកិច្ចខិតខំប្រឹងប្រែងរបស់អ្នករាល់គ្នាក្នុងការស្វែងរកមធ្យោបាយស្ថាបនាឆ្ពោះទៅមុខ។ ខ្ញុំមានទំនាក់ទំនងឥតឈប់ឈរជាមួយប្រទេសក្រិក និងតួកគី។ សាររបស់ខ្ញុំគឺថា ស្ថានការណ៍ត្រូវតែត្រូវបានដោះស្រាយក្នុងស្មារតីសាមគ្គីភាព សម្ព័ន្ធមិត្ត និងស្របតាមច្បាប់អន្តរជាតិ»។

ទាក់ទងនឹងប្រទេសបេឡារុស្ស ដែលបានឃើញនូវរលកនៃការតវ៉ាបន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី៩ ខែសីហា លោក Stoltenberg បាននិយាយថា អង្គការណាតូកំពុងតាមដានព្រឹត្តិការណ៍នៅទីនោះយ៉ាងដិតដល់ ហើយបានហៅវាថា ជាវិបត្តិដែលកំពុងកើតឡើងនៅតាមព្រំដែនរបស់យើង។

លោក Stoltenberg បាននិយាយបន្ថែមថា «អង្គការណាតូគ្មានការពង្រឹងផ្នែកយោធានៅក្នុងតំបន់ទេ ដូច្នេះរាល់ការប៉ុនប៉ងប្រើវាក្នុងលេសដើម្បីបង្ក្រាបបាតុករអហិង្សាពិតជាមិនសមហេតុផលទេ»។

បន្ថែមពីលើប្រធានបទទាំងពីរនេះ អធិការបតីអាល្លឺម៉ង់ បាននិយាយថា លោកស្រីក៏កំពុងទន្ទឹងរង់ចាំការពិភាក្សាអំពីស្ថានភាពរបស់ប្រទេសអាហ្វហ្គា​នីស្ថានផងដែរ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)