ដំណើរការនៅក្នុងប្រទេសបេឡារុស្សមានឥទ្ធិពលពីខាងក្រៅ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០​ — ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍របស់គាត់មួយ ជាមួយស្ថានីយទូរទស្សន៍ Rossiya-24 ថា មានអ្នកដើរតួនាទីពីខាងក្រោបានព្យាយាមមានឥទ្ធិពលទៅលើដំណើរការនៅក្នុងប្រទេសបេឡារុស្សដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនរបស់ពួកគេទៀតហើយ។

លោក ពូទីន បាននិយាយថា «វាមិនមែនជាអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសបេឡារុស្សនោះទេ វាគឺជានរណាម្នាក់ដែលចង់បានអ្វីផ្សេងទៀតកើតឡើងនៅទីនោះ។ ពួកគេស្វែងរកឥទ្ធិពលទៅលើដំណើរការទាំងនោះ និងដើម្បីទទួលបាននូវការសម្រេចចិត្តមួយចំនួនដែលប្រជាជនទាំងនោះជឿ ដើម្បីស្របតាមផលប្រយោជន៍នយោបាយរបស់ពួកគេ»។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅបេឡារុស្សបានធ្វើឡើងកាលពីថ្ងៃទី ៩ ខែសីហា។ យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតបានឱ្យដឹងថា ប្រធានាធិបតីបេឡារុស្សដែលកំពុងកាន់អំណាច គឺលោក Alexander Lukashenko បានឈ្នះជាមួយនឹងសំឡេងឆ្នោតគាំទ្រ ៨០,១ភាគរយ។ លោកស្រី Svetlana Tikhanovskaya ដែលត្រូវបានគេចាត់ទុកថា ជាគូប្រជែងដ៏សំខាន់របស់លោក ឈរនៅលំដាប់ទី ២ ដោយទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ១០,១២ភាគរយ។ លោកស្រីបានបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។ លោកស្រីបានចាកចេញពីប្រទេសបេឡារុស្សទៅកាន់ប្រទេសលីទុយអានីដែលនៅក្បែរនោះក្នុងរយៈពេលដ៏ខ្លី ហើយបានស្នាក់នៅទីនោះរហូតមកដល់សព្វថ្ងៃនេះ។ ភ្លាមៗបន្ទាប់ពីលទ្ធផលនៃការស្ទង់មតិត្រូវបានប្រកាស ការប្រមូលផ្តុំគ្នាតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅក្នុងប្រទេសនេះ ដែលដំបូងឡើយមានការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងអនុវត្តច្បាប់។ ក្រុមប្រឹក្សាសម្របសម្រួលនៃក្រុមប្រឆាំងដែលបង្កើតឡើងនៅក្នុងសាធារណរដ្ឋមួយនេះកំពុងជំរុញឱ្យមានការបន្តការតវ៉ា។ អាជ្ញាធរបានបញ្ជាក់ថា ការប្រមូលផ្តុំដោយគ្មានការអនុញ្ញាតត្រូវតែបញ្ឈប់៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)