លោក ពូទីន សង្ឃឹមថា នឹងមិនមានការចាំបាច់ក្នុងការប្រើប្រាស់ កងកម្លាំងរុស្ស៊ីនៅបេឡារុស្សទេ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០​ — យោងតាមតួលេខផ្លូវការបានឱ្យដឹងថា មានមនុស្សជាង ៦.៧០០នាក់ត្រូវបានឃុំខ្លួននៅក្នុងប្រទេសបេឡារុស្សក្នុងអំឡុងពេលនៃការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយជាច្រើនថ្ងៃ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី៩ ខែសីហា។ មនុស្សរាប់រយនាក់បានរងរបួសនៅក្នុងភាពចលាចល រួមទាំងមន្ត្រីអនុវត្តច្បាប់ជាង ១៥០នាក់ផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានអត្ថាធិប្បាយអំពីបាតុកម្មតវ៉ានៅបេឡារុស្សដោយកត់សម្គាល់ថា ស្ថានភាពកំពុងមានស្ថិរភាពហើយ។

លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូបានបង្កើតក្រុមបម្រុងពិសេសសម្រាប់ភ្នាក់ងារពង្រឹងច្បាប់តាមសំណើរបស់ទីក្រុង Minsk ដើម្បីជួយបេឡារុស្សប្រសិនបើមានការចាំបាច់។

លោកបានសង្កត់ធ្ងន់ថា «វាមិនចាំបាច់លាក់បាំងអ្វីទាំងអស់។ មានអត្ថបទពាក់ព័ន្ធមួយចំនួននិយាយថា រដ្ឋសមាជិកទាំងអស់នៃបណ្តាអង្គការនានា … គួរតែផ្តល់ឱ្យគ្នាទៅវិញទៅមកនូវជំនួយ និងការការពារអធិបតេយ្យភាពព្រំដែនខាងក្រៅ និងការការពារស្ថិរភាព។ ក្នុងន័យនេះ យើងមានកាតព្វកិច្ចចំពោះប្រទេសបេឡារុស្ស ហើយលោក Alexander Grigorievich Lukashenko បានលើកឡើងនូវសំណើថា លោកចង់ឱ្យយើងផ្តល់ជំនួយសមរម្យដល់លោកប្រសិនបើមានការចាំបាច់។ ខ្ញុំបាននិយាយថា ប្រទេសរុស្ស៊ីនឹងបំពេញកាតព្វកិច្ចទាំងអស់របស់ខ្លួន»។

លោក ពូទីន បាននិយាយបន្ថែមថា «ក្នុងអំឡុងពេលពិភាក្សារបស់យើងជាមួយលោក Alexander Grigoryevich យើងបានសន្និដ្ឋានថា មិនមានតម្រូវការបែបនេះទេនាពេលបច្ចុប្បន្ននេះ ហើយខ្ញុំសង្ឃឹមថា វានឹងមិនមានទេ។ ហេតុដូច្នេះហើយ យើងមិនប្រើក្រុមបម្រុងនេះទេ»។

លោកក៏បានបញ្ជាក់ផងដែរថា កងកម្លាំងរុស្ស៊ីនឹងមិនត្រូវបានប្រើប្រាស់ឡើយ «ដរាបណាក្រុមជ្រុលនិយមនៅបេឡារុស្សមិនឆ្លងកាត់ព្រំដែនណាមួយឡើយ» ។

លោក ពូទីន បានកត់សម្គាល់ថា «ពួកគេនឹងមិនត្រូវបានប្រើប្រាស់ទេ រហូតដល់ធាតុជ្រុលនិយមលាក់ខ្លួននៅពីក្រោយពាក្យស្លោកនយោបាយឆ្លងកាត់ព្រំដែនជាក់លាក់មួយចំនួន ដោយការចាប់ផ្តើមប្លន់ ចាប់ផ្តើមដុតផ្ទះ ឡាន ធនាគារ ព្យាយាមរឹបអូសអគាររដ្ឋបាល និងសកម្មភាពអ្វីៗផ្សេងទៀត»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)