ប្រទេសឥណ្ឌូណេស៊ីកត់ត្រាចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុតនៅថ្ងៃទី ២៧ ខែសីហា

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០​ — ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រានូវចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី ២៧ ខែសីហា ដែលមានចំនួន ២.៧១៩នាក់ ដែលធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះមានដល់ ១៦២.៨៨៤នាក់។

នៅថ្ងៃដដែលនោះ អ្នកជំងឺកូវីដ-១៩ ចំនួន ១២០នាក់បានស្លាប់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងសរុបដល់ ៧.០៦៤នាក់។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ប្រទេសហ្វីលីពីនមានករណីឆ្លងថ្មីចំនួន ៣.២៤៩នាក់ និងមានអ្នកស្លាប់ចំនួន ៩៧នាក់។ ចំនួនអ្នកជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះមាន ២០៥.៥១៨នាក់ ដែលជាចំនួនខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៧ ខែសីហា រដ្ឋាភិបាលបានចេញបញ្ជាឱ្យសាលារៀនទាំងអស់ត្រូវបិទទ្វារ ចំពេលដែលចំនួននៃការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩។ សេចក្តីសម្រេចនេះត្រូវបានស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ឪពុកម្តាយសិស្សានុសិស្ស។

ជំងឺរាតត្បាតនេះបានវិលត្រឡប់មកវិញកាលពីដើមសប្តាហ៍នេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពី រយៈពេលមួយខែដោយគ្មានករណីឆ្លងថ្មីណាមួយត្រូវបានរកឃើញនៅក្នុងសហគមន៍។ ភាគច្រើននៃចំនួនអ្នកឆ្លងជំងឺនេះចុងក្រោយ គឺអ្នកស្រុកជុំវិញទីក្រុងយ៉ាំងហ្គោន។ បច្ចុប្បន្នប្រទេសនេះមានករណីសរុបចំនួន ៥៨៦នាក់ និងមានអ្នកស្លាប់ចំនួន ៦នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)