អាស៊ាន និងចិន ជំរុញទំនាក់ទំនងពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២៧ ខែសីហា បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចមកពីប្រទេសសមាជិកអាស៊ានបានបើកកិច្ចប្រជុំមួយជាមួយអ្នកតំណាងមកពីក្រសួងពាណិជ្ជកម្មចិន។

កិច្ចពិគ្រោះយោបល់លើកទី ១៩ នេះ បានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំលើកទី ៥២ នៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM-52) និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងទម្រង់ជាសន្និសីទវីដេអូ។

ភាគីទាំងពីរបានចែករំលែកទស្សនៈថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានចាប់តាំងពីឆ្នាំ ២០០៩ មក ដោយមានទំហំពាណិជ្ជកម្មសរុបចំនួន ៥០៧,៩ប៊ីលានដុល្លារអាមេរិកកាលពីឆ្នាំមុន ឬ ១៨ភាគរយនៃពាណិជ្ជកម្មសរុបរបស់ប្លុកនេះ។

ការវិនិយោគផ្ទាល់ពីបរទេសចិននៅក្នុងតំបន់អាស៊ាន បានកើនឡើងដល់ប្រមាណចំនួន ៩,១ទ្រីលានដុល្លារអាមេរិកកាលពីឆ្នាំមុន ដែលស្មើនឹង ៥,៧ភាគរយនៃការវិនិយោគផ្ទាល់ពីបរទេសសរុបដែលបានបញ្ចូលទៅក្នុងប្លុកនេះ។

ឆ្នាំ ២០២០ គឺជាខួប ១០ឆ្នាំនៃទំនាក់ទំនងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន – ចិន ជាមួយនឹងការដាក់ឱ្យដំណើរការយ៉ាងទូលំទូលាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន – ចិន។

គណៈប្រតិភូបានឈានដល់ការឯកភាពគ្នាទៅលើជំហានបន្ទាប់ ដើម្បីដោះស្រាយការខ្វះខាតនានានៅក្នុងកម្មវិធីសហប្រតិបត្តិការនាពេលខាងមុខ។

ពួកគេបាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅតែជាអាទិភាពកំពូលរបស់អាស៊ាន ហើយកិច្ចចរចាស្តីពីការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគដែលពឹងផ្អែកខ្លាំង និងទូលំទូលាយ នឹងត្រូវអនុវត្តបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា។

បណ្តារដ្ឋមន្រ្តីទាំងអស់ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ ឆ្ពោះទៅរកការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ-១៩៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)