កិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្សធ្វើឡើងតាមប្រព័ន្ធអ៊ីនធើណេត

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០​ — កិច្ចប្រជុំពិសេស ១/២០២០ នៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែសីហា ក្នុងទម្រង់ជាសន្និសីទវីដេអូ។

នេះ គឺជាកិច្ចប្រជុំផ្លូវការលើកទី៣ ហើយនៅក្នុងឆ្នាំនេះ ដែលដឹកនាំដោយប្រទេសវៀតណាមក្នុងនាមជាប្រធាន AICHR ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរវាងគណៈកម្មការ និងរដ្ឋមន្រ្តីការបរទេសអាស៊ានដែលគ្រោងធ្វើនៅក្នុងខែកញ្ញា ដោយផ្តោតសំខាន់ទៅលើផែនការការងាររបស់ AICHR សម្រាប់ឆ្នាំ ២០២១-២០២៥ និងកម្មវិធីអាទិភាពរបស់ខ្លួនសម្រាប់ឆ្នាំ ២០២១ ព្រមទាំងបញ្ហាផ្សេងៗទៀតទាក់ទងនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងតំបន់អាស៊ាន។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេសនេះ គណៈប្រតិភូបានពិភាក្សាអំពីការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងវិស័យនានា ដូចជាវិស័យបរិស្ថាន ទឹកស្អាត ការអប់រំ ការជួញដូរមនុស្ស និងអំពើហិង្សាហួសហេតុជាដើម។

ពួកគេក៏បានពិនិត្យឡើងវិញនូវការអនុវត្តកម្មវិធីអាទិភាពរបស់ AICHR ក្នុងឆ្នាំ ២០២០ ដែលរួមមានសកម្មភាពទាក់ទងនឹងសិទ្ធិកុមារ និងស្ត្រី និងសិទ្ធិទទួលបានការថែទាំសុខភាព ការអប់រំ និងសញ្ជាតិ។

វិធីល្អបំផុតក្នុងការទប់ទល់នឹង «ការរស់នៅធម្មតាបែបថ្មី» និងការលើកកម្ពស់សិទ្ធិមនុស្សក្នុងពេលដែលមានការរាតត្បាតជំងឺកូវីដ-១៩ ក៏មាននៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Thai Yen Huong បាននិយាយថា បើទោះបីជាមានការលំបាកដែលមិនធ្លាប់មានពីមុនមកដែលបណ្តាលមកពីជំងឺរាតត្បាតក៏ដោយ ក៏គណៈកម្មការបានបង្ហាញអំពីសាមគ្គីភាព និងការប្តេជ្ញាចិត្តដើម្បីអនុវត្តសកម្មភាពដែលបានគ្រោងទុក។

លោកស្រីបាននិយាយថា ក្នុងនាមជាប្រធានអាស៊ាន និង AICHR ប្រទេសវៀតណាមនឹងធ្វើការសម្របសម្រួលយ៉ាងសកម្មជាមួយបណ្តាប្រទេសដទៃទៀត ដើម្បីពង្រឹងនូវភាពស្អិតរមួត និងការសម្របសម្រួលជំរុញទៅមុខជាមួយនឹងការអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សរបស់គណៈកម្មការនៅក្នុងតំបន់ និងរវាងតំបន់នានា ដោយរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អាស៊ាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)