វៀតណាមអំពាវនាវឱ្យមានការគោរពពេញលេញចំពោះឯករាជ្យភាពនយោបាយ និងអធិបតេយ្យភាពរបស់អ៊ីរ៉ាក់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០​ — អ្នកតំណាងមកពីបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យមានការគោរពយ៉ាងពេញលេញចំពោះឯករាជ្យភាពនយោបាយ ឯកភាពជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ីរ៉ាក់ ដោយលោកបានបញ្ជាក់ថា កិច្ចសន្ទនា សាមគ្គីភាពជាតិ និងភាពស្របគ្នា គឺជាកត្តាគន្លឹះសំខាន់នៃស្ថិរភាពរបស់ប្រទេសនេះ។

ថ្លែងទៅកាន់កិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធើណេត ស្តីពីស្ថានភាពបច្ចុប្បន្ននៅអ៊ីរ៉ាក់ ដែលធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៦ សីហា អ្នកតំណាងរូបនេះបានសាទរចំពោះការរីកចម្រើនជាវិជ្ជមាននៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេលចុងក្រោយថ្មីៗនេះ ជាពិសេសការបង្កើតរដ្ឋាភិបាលថ្មី និងការប្តេជ្ញាចិត្តរបស់ប្រទេសនៅមជ្ឈិមបូព៌ាក្នុងការដោះស្រាយបញ្ហាការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ការការពារអំពើពុករលួយ ការផ្តល់សេវាកម្មមូលដ្ឋាន កំណែសេដ្ឋកិច្ច និងការពង្រឹងស្ថាប័នរដ្ឋ។

មន្ត្រីរូបនេះក៏បានបង្ហាញនូវការព្រួយបារម្ភអំពីការអភិវឌ្ឍនៃជំងឺរាតត្បាតកូវីដ-១៩ និងសកម្មភាពមនុស្សធម៌នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលមនុស្សរាប់លាននាក់កំពុងប្រឈមនឹងភាពក្រីក្រ ហើយបានជំរុញឱ្យសហគមន៍អន្តរជាតិបន្តអនុវត្តការប្តេជ្ញាចិត្តដើម្បីជួយដល់ប្រទេសនេះ។

យោងតាមលោកស្រី Jeanine Hennis-Plasschaert អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉ាក់ និងជាប្រធានបេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉ាក់ (UNAMI) បានឱ្យដឹងថា រដ្ឋាភិបាលថ្មីនៅអ៊ីរ៉ាក់បានខិតខំបំពេញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និងការរៀបចំផែនការរៀបចំការបោះឆ្នោតនៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២១។

លោកស្រីបាននិយាយថា UNAMI និងអង្គការផ្សេងទៀតរបស់អង្គការសហប្រជាជាតិបានគាំទ្រដល់ រដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ាក់ក្នុងការទប់ទល់នឹងការប្រឈមដ៏ពិបាកនៅក្នុងប្រទេស៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)