វៀតណាមអំពាវនាវឱ្យមានការហាមឃាត់យ៉ាងទូលំទូលាយចំពោះការសាកល្បងនុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០​ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា ការហាមឃាត់ដ៏ទូលំទូលាយទៅលើការសាកល្បងអាវុធនុយក្លេអ៊ែរ គឺជាជំហានសំខាន់ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។

ប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងញូវយ៉ក រូបនេះបាននិយាយនៅក្នុងពេលចូលរួមកិច្ចប្រជុំនិម្មិត្តមួយក្នុងការរំលឹកទិវាអន្តរជាតិប្រឆាំងនឹងការសាកល្បងអាវុធនុយក្លេអ៊ែរ (ថ្ងៃទី២៩ ខែសីហា) ថា អាស៊ានបដិសេធរាល់ការសាកល្បងអាវុធនុយក្លេអ៊ែរ ដែលប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងស្តង់ដារអន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកបាននិយាយថា ប្លុកនេះគាំទ្រដល់ការពង្រឹង និងការអនុវត្តសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរ រួមមានតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ផងដែរ។

អ្នកការទូតវៀតណាមរូបនេះបានសង្កត់ធ្ងន់ថា ការផ្តល់សច្ចាប័នរបស់រដ្ឋសមាជិកអាស៊ានទាំងអស់ទៅលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ (CTBT) គឺជាការចូលរួមចំណែកជាក់ស្តែងរបស់ប្លុកនេះក្នុងការហាមឃាត់ការសាកល្បងនុយក្លេអ៊ែរ។

លោកបាននិយាយបន្ថែមថា អាស៊ាន និងអង្គការសហប្រជាជាតិអាចធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីលើកកម្ពស់ពហុភាគីនិយម ក៏ដូចជាគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្ដរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលរួមមានកិច្ចខិតខំប្រឹងប្រែងរួមក្នុងការបង្ការការសាកល្បងអាវុធនុយក្លេអ៊ែរផង។

នៅក្នុងព្រឹត្តិការណ៍នេះ អ្នកចូលរួមទាំងអស់បាននិយាយថា ការសាកល្បងអាវុធនុយក្លេអ៊ែរ និងអត្ថិភាពនៃអាវុធនុយក្លេអ៊ែរនៅតែបន្តគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)