បណ្តាប្រទេសនៃកិច្ចព្រមព្រៀង RCEP ធ្វើឱ្យមានការរីកចម្រើន គួរឱ្យកត់សម្គាល់នៅក្នុងកិច្ចចរចាពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០​ — បណ្តារដ្ឋមន្ត្រីមកពីប្រទេសចំនួន ១៥ នៅអាស៊ី – ប៉ាស៊ីហ្វិក ដែលកំពុងចរចាអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) កាលពីថ្ងៃទី២៧ ខែសីហា បាននិយាយថា ពួកគេបានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំនេះ ខណៈដែលឥណ្ឌានៅតែមិនទាន់ច្បាស់លាស់ក្នុងការបន្តធ្វើជាសមាជិកនៃក្របខ័ណ្ឌកិច្ចព្រមព្រៀងនេះ។

បន្ទាប់ពីកិច្ចប្រជុំតាមរយៈវីដេអូដែលអវត្តមានរបស់ប្រទេសឥណ្ឌា បណ្តារដ្ឋមន្រ្តីទាំងអស់បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបាននិយាយថា កិច្ចព្រមព្រៀងនេះនៅតែបើកចំហសម្រាប់ប្រទេសឥណ្ឌាដែលបានផ្តល់ឱ្យមិនត្រឹមតែមានការចូលរួមក្នុងកិច្ចចរចា RCEP ចាប់តាំងពីពួកគេត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ មកប៉ុណ្ណោះទេ ប៉ុន្តែក៏មានការទទួលស្គាល់ពីសក្តានុពលនៃប្រទេសឥណ្ឌាក្នុងការចូលរួមចំណែកដើម្បីភាពរុងរឿងនៅក្នុងតំបន់ផងដែរ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា បណ្តារដ្ឋមន្រ្តីទាំងអស់បានស្វាគមន៍ចំពោះ «វឌ្ឍនភាពដ៏សំខាន់» ឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងនេះសម្រាប់ការចុះហត្ថលេខានៅឯកិច្ចប្រជុំកំពូលនៃមេដឹកនាំ RCEP នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរំខានដល់សង្វាក់ផ្គត់ផ្គង់សកលលោក និងសេដ្ឋកិច្ចក្នុងតំបន់ បណ្តារដ្ឋមន្ត្រីនានាក៏បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់ដែលកិច្ចព្រមព្រៀង RCEP អាចដើរតួក្នុងកិច្ចប្រឹងប្រែងស្តារឡើងវិញក្រោយជំងឺរាតត្បាត ក៏ដូចជាក្នុងការរួមចំណែកដល់កំណើន និងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក។

ទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀង RCEP នៅតែមិនទាន់ច្បាស់លាស់បន្ទាប់ពីប្រទេសឥណ្ឌាដែលមានការព្រួយបារម្ភថា ការបើកទីផ្សាររបស់ខ្លួននឹងបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន។

ក្រៅពីប្រទេសឥណ្ឌា សមាជិកចំនួន ១០ប្រទេសនៅអាស៊ាន ចិន ជប៉ុន សាធារណៈកូរ៉េ អូស្រ្តាលី និងនូវែលហ្សេឡង់ ក៏ចូលរួមក្នុងកិច្ចពិភាក្សានេះដែរ។

ក្រុមប្រទេសនៅអាស៊ានរួមមាន ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)