ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុបញ្ចប់ការដោះមីន រួចរាល់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨ ០៨ ២០២០

MC: ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការអនុវត្តអនុគម្រោងសាងសង់ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុទាក់ទងនឹងការងារដោះមីន ការងារកាប់ឆ្ការ និងសំអាតផ្ទៃដី១៧,៣៣ហិកតា សម្រេចបាន១០០ភាគរយ ហើយ។
បើតាមឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ទីលានចាក់សំរាមថ្មីក្នុងខេត្តនេះ នឹងមានការជីករណ្តៅដីធំៗចំនួនបួន ដោយរណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម១៣០ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ និងមានជម្រៅចាប់ពី២-៤ម៉ែត្រ ភ្ជាប់ជាមួយប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលព្រមជាមួយគ្នាតែម្តង។
ទីលានចាក់សំរាមក្នុងខេត្តព្រះសីហនុ មានទំហំផ្ទៃដី សរុប៥១ហិកតា ស្ថិតនៅភូមិអូរ តាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ គ្រោងចំណាយថវិកា សាងសង់ក្នុងតម្លៃសរុបជាង៥,៣១លានដុល្លារអាមេរិក ក្នុងក្របខណ្ឌថវិកាជាតិ។
ឯកឧត្ដម កឹម បូរី មានប្រសាសន៍ថា គម្រោងទីលានចាក់សំរាមថ្មីនេះ ក្នុងរយៈពេល៥ឆ្នាំដំបូង មានសមត្ថភាពផ្ទុកសំរាមបានជាង៨៨ម៉ឺនម៉ែត្រគូប ដែលអនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ។ ឯកឧត្ដម បានបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិការបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុខមាលភាពសាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងខេត្តនេះ។
បច្ចុប្បន្ន នៅក្នុងខេត្តព្រះសីហនុមានសំរាមប្រមាណ ពី៦០០ ទៅ៧០០តោន ក្នុងមួយថ្ងៃ ដោយមិនទាន់គិតពីកាកសំណល់នៅតាមការដ្ឋានសំណង់នោះឡើយ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តនេះ។
តាមការសិក្សាពីអ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានបង្ហាញថា មូលហេតុនៃការកើនឡើងសំណល់សំរាម គឺដោយសារសាលាក្រុងព្រះសីហនុពុំមានថវិកាគ្រប់គ្រាន់ ម្យ៉ាងទៀតតម្លៃសេវាប្រមូលសំរាមពីប្រជាពលរដ្ឋមានការលំបាកការគ្រប់គ្រងស្ថាប័ន និង ហិរញ្ញវត្ថុមានការខ្វះខាត ខណៈកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលសំរាមមិនមានតម្លាភាព ខ្វះការទំនាក់ទំនងក្នុងការ ប្រមូល និងបញ្ចេញសំរាមក្នុងក្រុងនៅមានកម្រិត៕