បទយកការណ៍៖ ស្ពៃក្រញ៉ាញ់ជាដំណាំ អាចផ្តល់ប្រាក់ចំណូលគួរសមសម្រាប់កសិករ​

AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០២០ —

ស្ពៃក្រញ៉ាញ់ជាបន្លែមួយប្រភេទដែលពលរដ្ឋខ្មែរនិយមឃើញនៅលើទីផ្សារ ហើយក៏ជាបន្លែដែលពលរដ្ឋនិយមបរិភាគតាមរយៈការយកទៅស្ល ឆា ស្ងោរ ហើយក៏អាចយកទៅធ្វើជាបន្លែសម្រាប់ទទួលទានស្រស់ៗបានផងដែរ ។​

កសិករ តាន់ សេងលី អាយុ៦៣ឆ្នាំ រស់នៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានចែករំលែកអំពីសក្តានុពលនៃដំណាំប្រភេទនេះទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់ថា លើ​ផ្ទៃដី ៦អា ដោយត្រូវចំណាយផលិតកម្ម ដូចជា ការរៀបចំដី គ្រាប់ពូជ ជីទ្រាប់បាត ទុយោទឹកស្រោចស្រព ការវេចខ្ចប់ និងការចំណាយផ្សេងៗ គឺគាត់បានចំណាយថ្លៃដើមសរុបចំនួនប្រមាណជា ៣៨៥.០០០រៀល ក្នុងការដាំដំណាំមួយវគ្គៗ។

តាមការរៀបរាប់របស់កសិករ តាន់ សេងលី ដំណាំស្ពៃក្រញ៉ាញ់នេះ គឺជាប្រភេទដំណាំដែលដាំហើយឆាប់បានប្រមូលផល ដោយចាប់ពីដាំរហូតបានផលគឺប្រើរយៈពេលត្រឹមតែ​មួយខែបន្តិចបន្តួចតែប៉ុណ្ណោះ ។

កសិកររូបនោះបានបញ្ជាក់ថា “ដំណាំស្ពៃក្រញ៉ាញ់នេះជាដំណាំដែលអាចដាំរយៈពេលតែ ៣៥ ទៅ៤០ថ្ងៃ ប៉ុណ្ណោះអាចទទួលបានផលបណ្តើរៗ និងទទួលបានទិន្នផលសរុប ១.៤៤០ គ.ក្រ ” ។​

លោកបានបញ្ជាក់ទៀតថា នៅក្នុងមូយគីឡូក្រាមស្ពៃក្រញ៉ាញ់ អាចលក់ក្នុងតម្លៃ ប្រមាណជា២.៥០០រៀល ជាលក្ខណៈបោះដុំ ប្រសិនបើតម្លៃនៅទីផ្សារតម្លៃ ៣.០០០រៀល/គ.ក្រ។

លោកបានចែករំលែកថា​ នៅលើផ្ទៃដីទំហំ៦អា និងចំណាយថ្លៃដើម ជិត ៤០០.០០០ រៀល​នេះ គឺ លោកអាចទទួលចំណែកផលចំណេញបានចំនួនរហូតដល់ទៅ ៣.២១៥.០០០រៀល ក្នុងពេលដាំមួយវគ្គ ។

លោកបានបន្តទៀតថា​ ក្រៅពីដំណាំនេះ លោកនៅមានដាំដំណាំបន្ថែមផ្សេងៗទៀតផងដែរ ដូចជា ខាត់ណាដើម នៅលើផ្ទៃដី ៤អា ដំណាំត្រឡាចលើផ្ទៃដី៣អា ដំណាំសាឡាត់លើផ្ទៃដី ៣អា និងត្រកួនលើផ្ទៃដី២អា ផងដែរ។

រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែលើកទឹកចិត្ត និងជំរុញព្រមទាំងគាំទ្រឲ្យ​ប្រជាពលរដ្ឋផ្តោតការយកចិត្តទុកដាក់ទៅលើដំណាំកសិកម្ម ខណៈដែលវិស័យផ្សេងៗទៀត​ដែលជាប្រភពចំបងរបស់សេដ្ឋកិច្ច ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម ក៏ដូចជា វិស័យសេវាកម្មផ្សេងៗទៀតកំពុងតែរងនូវវិបត្តិនៃការរីករាលដាលនៃមេរោគកូវីដ១៩ ដែលមកដល់ពេលនេះ​អង្គការសុខភាពពិភពលោកបានរាយការណ៍ថា បានរីករាលដាល និងឆ្លងដល់មនុស្សប្រមាណជាជាង ២៤លាននាក់ និងសម្លាប់មនុស្សជាង​ ៨២១.០០០​នាក់ហើយនោះ​។​

កម្ពុជានៅមានសក្តានុពលធំធេងសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ប៉ុន្តែកន្លងមក កម្ពុជានៅតែ​នាំចូលបន្លែមកផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ដែលគេដឹងថាតម្រូវការបន្លែប្រចាំថ្ងៃមានទំហំរហូតដល់ទៅប្រមាណជា ១.០០០​តោន​ ។

តាមសេចក្តីរាយការណ៍របស់មន្រ្តីជំនាញក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ធ្លាប់បានចែករំលែកជាមួយនឹងអ្នកសារព័ត៌មាន ថា​ កាលពីមុនពេលជំងឺកូវីដ​១៩ រាតត្បាត កសិករនៅក្នុងស្រុកអាចមានសមត្ថភាពផ្គត់ផ្គង់ទីផ្សារបានតែ ៦០០ តោនទេ តែ​៤០០​តោនទៀត​គឺនាំចូល​ពីវៀតណាម ថៃ និង ចិន ប៉ុន្តែនៅពេលបច្ចុប្បន្ននេះតួលេខនៃការនាំចូលអាចនឹងរួមថយ ដោយសារតែរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់នៅលើការអភិវឌ្ឍ និងគាំទ្រកសិករឲ្យធ្វើកសិកម្ម ។​

មកដល់ពេលនេះក្រៅពីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក កសិករកម្ពុជាមួយចំនួនក៏នៅមានឱកាស​ និងសមត្ថភាពអាចដាំដំណាំនាំចេញទៅកាន់អឺរ៉ុប ហើយនៅមានផលិតផលកសិកម្មដែលនៅ​ក្នុងនោះមានបន្លែផងសរុប១៨ មុខបាននាំចេញទៅកាន់ប្រទេសកូរ៉េផងដែរ​។​ ទំនិញកសិកម្ម ទាំង​១៨ មុខដែលកម្ពុជាអាចនាំចេញទៅកូរ៉េបានគឺមាន  គ្រាប់ស្វាយចន្ទី ស្ករត្នោត ដូងប្រេង កក់ក្រៀម ដំណាប់ស្វាយ ស្វាយស្រស់ ចំណិតផ្លែ ញក្រៀម ម្សៅញ ជ័រកៅស៊ូ ម្រេច ពោត ដំណាប់ផ្លែម្នាស់ ផ្សិតលីងជឺ សណ្តែកផ្កាយ ស្លឹកទៀបបារាំង ម្សៅម្រុំ និងស្លឹកគ្រៃ។

ក្រៅពីទីផ្សារក្រៅប្រទេសទាំងនេះ តាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាក៏កំពុងតែរៀបចំស្នើសុំការនាំចេញផលិតផលកសិកម្មកម្ពុជាពីរប្រភេទទៀតទៅកាន់ទីផ្សារកូរ៉េ ខណៈដែលទីផ្សារកសិកម្មកម្ពុជានៅចិនក៏កំពុងតែពង្រីកផងដែរ ដូចជាអង្ករ ដំឡូងមីស្ងួត ពោត ចេក ហើយក៏កំពុងតែខិតខំពង្រីកទីផ្សារនៅជប៉ុន និងប្រទេសជាច្រើនទៀត ៕

ដោយ ហេង បញ្ញា / រូបថត៖ ក្រសួងកសិកម្ម