សហព័ន្ធកីឡាហែលទឹកបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតខ្ពស់តាមអនឡាញជា លើកដំបូង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្តនឹងរៀបចំបើកការបណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹកកម្រិតខ្ពស់ជាលើកដំបូងតាមប្រព័ន្ធអនឡាញ។

នេះជាវគ្គបណ្ដុះបណ្ដាលដោយប្រើ ប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និងកីឡាសម្រាប់ការបណ្ដុះបណ្ដាលប្រចាំឆ្នាំ ។

លោកហែម គិរី អគ្គលេខាធិការសហ ព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត បានប្រាប់ឱ្យដឹងថា ការបណ្ដុះបណ្ដាលនេះនឹងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ទី ៤ខែកញ្ញា ។ វគ្គនេះ ឧទ្ទេសនាមដោយគ្រូបង្វឹកមកពីចក្រភពអង់គ្លេសដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)ផ្ដល់ឱ្យ ។

លោកJames Richards ដែលជាគ្រូឧទ្ទេស នឹងធ្វើការបទបង្ហាញពីប្រទេសអង់គ្លេសមកតែម្ដង ហើយសហព័ន្ធនឹងរៀបចំបន្ទប់សិក្សាតាមប្រព័ន្ធអនឡាញសម្រាប់ដំណើរការវគ្គ ដោយសិក្សាមួយ ថ្ងៃ៤ម៉ោង គឺចាប់ពីម៉ោង២រសៀលដល់ ម៉ោង៦ល្ងាច ។

សិក្ខាកាមដែលត្រូវសិក្សាមានចំនួន ១៩ រូប ក្នុងនោះនារី២រូប និង២រូបមកពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។

លោកហែម គិរី ឱ្យដឹងទៀតថា សហព័ន្ធបានស្នើសុំវគ្គសិក្សានេះទៅសហព័ន្ធអន្តរជាតិតាំងពីឆ្នាំ២០១៩ មកម្ល៉េះដែលពេលនេះទើបគេផ្ដល់ឱ្យកម្ពុជា ។ សិក្ខាកាមដែលអាចចូលសិក្សាវគ្គនេះបានសុទ្ធតែធ្លាប់ឆ្លងកាត់វគ្គសិក្សាកម្រិតបឋម និងកម្រិតមធ្យម ព្រោះនេះជាវគ្គកម្រិតខ្ពស់ ៕