គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា បើកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកណ្ដាល

AKP កណ្ដាល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០–

រដ្ឋបាលខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត កណ្តាល និងឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាល បានទទួលគណៈប្រតិភូគណៈ កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា។ ការចុះពិនិត្យរបស់គណៈកម្មការនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកណ្ដាលបានលើកឡើងថា រដ្ឋបាលខេត្តកណ្ដាល ដោយអនុវត្តន៍តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្ត បានរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ដែលជាត្រីវិស័យសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ច បានបន្តវិវត្តន៍ប្រែប្រួលទៅមុខប្រកបដោយមោទនភាព ក្រោមសុខសន្តិភាព និងការអភិវឌ្ឍ។

ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថា គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ចុះមកខេត្តកណ្ដាលនាពេលនេះ គឺមានគោលបំណងសិក្សាឈ្វេងយល់អំពីសមិទ្ធផល ការរីកចម្រើន និងបញ្ហាប្រឈមនានារបស់ខេត្តកណ្ដាល តែពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ ព្រមទាំងឈ្វេងយល់ពីសុខភាព នៃផលប៉ះពាល់បណ្ដាលមកពីជំងឺកូវីដ-១៩ និងការផ្ដល់នូវសមិទ្ធផលជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ គណៈប្រតិភូនៃរដ្ឋសភា ក៏បានចុះពិនិត្យចំការបន្លែ របស់ប្រជាកសិកររស់នៅឃុំស្វាយប្រទាល ស្រុកស្អាង និងបានជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មបន្លែ នៅស្នាក់ការប្រមូលផ្ដុំ និងកន្លែងលក់បន្លែសុវត្ថិភាព ព្រមទាំងពិនិត្យការចិញ្ចឹមត្រីចម្រុះ និងសំណេះសំណាលជាមួយម្ចាស់កសិដ្ឋានវារីវប្បកម្ម នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ ៕ ដោយ៖ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)