រដ្ឋបាលខេត្តបាត់ដំបង និងក្រសួងអប់រំ ប្រកាសសមាសភាពគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យ បាត់ដំបង

AKP បាត់ដំបងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ឯកឧត្តម យក់ ង៉ុយ និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពនៃគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង នៅសាកលវិទ្យាល័យបាត់ ដំបង កាលពីថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា សាកលវិទ្យាល័យបាត់ដំបង ជាសាកលវិទ្យាល័យរដ្ឋមួយដ៏ធំប្រចាំខេត្តបាត់ដំបង ដែលបានចូលរួមអភិវឌ្ឍធនធានមនុស្សនៅក្នុងខេត្តក៏ដូចជាទូទាំងប្រទេសដែលបានមកទទួលយកចំណេះដឹងនៅក្នុងសាកលវិទ្យាល័យបាត់ដំបងនេះ។

ឯកឧត្ដមបានបន្ដថា សាកលវិទ្យាល័យបានចូលរួមជួយដល់សិស្ស និស្សិតក្រីក្រ អាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង មិនថានិសិ្សតមកពីស្រុក ឬខេត្តផ្សេងៗឡើយ។

ឯកឧត្តមអភិបាលខេត្ដ បានកោតសរសើរដល់សាស្រ្ដាចារ្យ បុគ្គលិក ថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងរបស់សាកលវិទ្យាល័យបាត់ដំបង ដែលបានខិតខំប្រឹងប្រែងបំពេញគ្រប់ភារកិច្ចទាំងអស់ ក្នុងការជំរុញឱ្យមានការបង្កើនធនធានមនុស្សកាន់តែមានសក្ដានុភាព ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ សំបូរទៅដោយធនធានមនុស្សពិតប្រាកដផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ខេត្តបាត់ដំបងគឺជាថ្នាលបណ្ដុះធនធានយ៉ាងសំខាន់មួយក្នុងប្រទេសកម្ពុជា ដោយត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសខេត្តបាត់ដំបង ជាសាលាឧទ្ធរណ៍ មួយសម្រាប់ថ្នាក់តំបន់ បង្កើតសាលាភូមិន្ទរដ្ឋបាល ដែលជាឱកាសសម្រាប់មន្រ្ដីរាជការក្នុងខេត្តបាត់ដំបង ក៏ដូចជាខេត្តជិតៗ ក្នុងការពង្រីកសមត្ថភាពក្នុងការរៀនសូត្រជាប្រចាំនូវគោលនយោបាយ ឬក៏កម្មវិធីផ្សេងៗរបស់រាជរដ្ឋាភិបាល ក្នុងនោះក៏ជ្រើសរើសខេត្តបាត់ដំបង ជាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគផងដែរ ។

ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ដោយសារតែបច្ចុប្បន្នមានការផ្ទុះរីករាលនូវជំងឺកូវីដ-១៩ បានធ្វើឱ្យមានការអាក់ខានក្នុងការរៀនសូត្រ បង្ហាត់បង្រៀន ដោយត្រូវឱ្យសិស្សនិស្សិតត្រូវសិក្សាពីចម្ងាយ (តាមប្រព័ន្ធអនឡាយ) ទើបក្រសួងអប់រំ យុវជន និងកីឡា សម្រេចបង្កើតគណៈកម្មការគ្រប់គ្រងនេះឡើង ដើម្បីធ្វើការគ្រប់គ្រងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងនៅក្នុងសាកលវិទ្យាល័យ ដើម្បីធានាយ៉ាងណាឱ្យមានគុណភាពខ្ពស់ក្នុងការបង្រៀនក៏ដូចជាសិស្ស និស្សិត មានជំនាញ ច្បាស់លាស់ ដែលអាចយកទៅធ្វើការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន ឱ្យមានការរីកចម្រើនជានិរន្តរន៍៕ ដោយ៖ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)