ក្រុម​ហ៊ុន​ដ៏ធំរបស់សាធារណរដ្ឋកូរ៉េ គ្រោងបេីករោងចក្រផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់, ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខារពេទ្យនៅប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

    រាជធានីភ្នំពេញ​៖​ មន្ត្រី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ សាធារណរដ្ឋកូរ៉េ បាន​អោយ​ដឹង​ថា​ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការីបានទទួលស្វាគមន៍ និងធ្វើបទបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច លក្ខខណ្ឌអំណោយផល និងឱកាសវិនិយោគនៅកម្ពុជា ជូនប្រតិភូក្រុមហ៊ុន People &Person ដឹកនាំដោយលោក Lee Jinho  ប្រធានក្រុមហ៊ុន ដែលបាននិងកំពុងមមាញឹកផលិតម៉ាស៊ីនប្ដូរសម្ពាធខ្យល់, ម៉ាស៊ីនបន្សុទ្ធខ្យល់ និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត បានត្រៀមខ្លួនលើករោងចក្ររបស់ខ្លួនទៅតាំងនៅប្រទេសកម្ពុជា ហើយនឹងត្រៀមធ្វើការស្រាវជ្រាវផលិតបរិក្ខារពេទ្យថ្មីៗបន្ថែមទៀតដើម្បីជាការប្រកួតប្រជែងជាមួយនឹងផលិតផលពីបណ្តាប្រទេសនៅអឺរ៉ុប។​ មន្ត្រី​ដដែល​បាន​បន្ត​ថា​ ការអូសទាញវិនិយោគិន មកបណ្ដាក់ទុននៅកម្ពុជានេះ គឺមិនគ្រាន់តែជាឱកាសក្នុងការផ្ដល់ការងារដល់ប្រជាពលរដ្ឋខ្មែរទេ ប៉ុន្តែជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ ដល់ប្រជាជននៃប្រទេសយើងផងដែរ។

  មន្ត្រី​ស្ថាន​ទូត​ខ្មែរ​បាន​បញ្ជាក់​ថា​ ក្រុមហ៊ុនក៏នឹងត្រៀមចេញទៅប្រទេសកម្ពុជាដើម្បីសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀត ដោយស្ថានទូតនឹងរៀបចំឲ្យស្ថាប័នជាតិពាក់ព័ន្ធផ្ដល់នូវកិច្ចសហការផ្សេងៗ៕