រាជរដ្ឋាភិបាល និងសង្គមស៊ីវិល រួមគ្នាលើកកម្ពស់សុវត្ថិភាពកម្មកររោងចក្រពេលធ្វើដំណើរ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ០៨ ២០២០


MC: រាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល រួមគ្នាលើកកម្ពស់សុវត្ថិភាពដល់កម្មកររោងចក្រពេលធ្វើ ដំណើរ តាមដងផ្លូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានឡើងដោយកត្តា បើកបរមិន គោរព ច្បាប់ចរាចរណ៍ និងការដឹកលើសកំណត់។
លោកជំទាវ មឹន មាណវី អគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹង ថា រាជរដ្ឋាភិបាល និង អង្គការដៃគូ បាន បង្កើត គម្រោងកសាងសុវត្ថិភាពចរាចរណ៍មួយ ដើម្បីបញ្ចៀស គ្រោះ ថ្នាក់ចរាចរណ៍ ដល់កម្មករ ក្នុងវិស័យ កាត់ដេរ ដែលកំពុងមានបញ្ហាប្រឈមធ្ងន់ធ្ងរ។
ថ្លែងក្នុងសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករស្តីពី«ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត» នៅថ្ងៃទី២៧ ខែសីហានេះ លោកជំទាវ បានបញ្ជាក់ថា ដើម្បីបញ្ចៀសគ្រោះ ថ្នាក់ ចរាចរណ៍ ដល់កម្មករក្នុងវិស័យកាត់ដេរ ដែលកំពុងមានបញ្ហាប្រឈមធ្ងន់ធ្ងរ គឺមានតែការអប់រំ ដល់ អ្នក បើកបរ ម៉ូតូ និងរថយន្តដឹកកម្មករឱ្យយល់ពីច្បាប់ចរាចរណ៍ និងមិនផ្ទុកចំនួនមនុស្សនៅលើយានយន្ត លើស ចំណុះប៉ុណ្ណោះ។
ការលើកឡើងនូវវិធានការនេះ បន្ទាប់ពីកម្មករនិយោជិតនៅតែប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ជា រៀង រាល់ ថ្ងៃនៅពេលធ្វើដំណើរទៅមកពីរោងចក្រ។
យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានឱ្យដឹងថា កាលពីឆ្នាំ ២០១៩  មានគ្រោះថ្នាក់ចរាចរណ៍លើកម្មករ និយោជិតវិស័យកាត់ដេរសម្លៀក បំពាក់ និង ផលិត ស្បែក ជើង ចំនួន៦៩៨លើក ដោយបណ្តាលឱ្យកម្មករនិយោជិតចំនួន១៥នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាងមួយពាន់នាក់។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា កត់សម្គាល់ថា គ្រោះ ថ្នាក់ ចរាចរណ៍ចំពោះកម្មករក្នុងវិស័យកាត់ដេរ ច្រើនកើតឡើងដោយសារការវ៉ាជែងដោយ ប្រថុយ ប្រថាន ការមិនគោរពច្បាប់ចរាចរណ៍ បើកបរធ្វេសប្រហែស   ការផ្ទុកចំនួនមនុស្សលើសចំណុះ និងការ បើកបរ ក្រោម ឥទ្ធិពលស្រវឹង ជាដើម។ លោកថា កត្តាគ្រោះថ្នាក់ចរាចរណ៍មួយចំនួន ក៏បណ្តាលមកពី កម្មករ ជំរុញ ឱ្យអ្នកបើកបររថយន្តបើកលឿន ដើម្បីទាន់ពេលវេលាធ្វើការងារ និងការប្រញាប់ប្រញាល់ ទៅ ផ្ទះ វិញដែរ។
សូមបញ្ជាក់ថា សិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករស្តីពីការលើកកម្ពស់ សុវត្ថិភាព ចរា ចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា នាថ្ងៃនេះ មាន គោល ដៅជំរុញកិច្ចសហប្រតិបត្តិការ និង បង្កើត ឱកាស ឱ្យមានការពិភាក្សាអំពី សកម្ម ភាព និង គំនិត ផ្តួច ផ្តើម ថ្មីៗ ព្រមទាំងលទ្ធ ភាព ដែលអាចអនុវត្ត សកម្មភាព រួមគ្នាដោយមានការ ចូល រួមយ៉ាងសកម្មពីសហជីព ដែលជា អង្គការ វិជ្ជាជីវៈ របស់កម្មករ និយោជិត ៕