ប្រជាពលរដ្ឋចាស់ជរាក្រីក្រ ពិការងាយរងគ្រោះចំនួន១៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ទទួលបានអំណោយរបស់រាជរដ្ឋាភិបាល

AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០–

ប្រជាពលរដ្ឋចាស់ជរាក្រីក្រពិការងាយរងគ្រោះចំនួន១៨០គ្រួសារ នៅក្នុងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យទទួលបានអំណោយស្បៀងអាហារសម្ភារប្រើប្រាស់ និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយរួមចំណែកទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃ ដែលកំពុងរង ផលប៉ះពាល់ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩នេះ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងក្រុមការងារបាន នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាទៅ ចែកជូនបងប្អូនប្រជាពលរដ្ឋ ចាស់ជរាក្រីក្រ ពិការងាយរងគ្រោះចំនួន១៨០គ្រួសារនេះ មកពីឃុំសឹង្ហ ឃុំចង្ហា និងឃុំសូភី ដែលធ្វើឡើងនៅក្នុងបរិវេណ វត្តសឹង្ហស្ថិតនៅភូមិរកាកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ដោយ ក្នុង១គ្រួសារៗទទួលបាន អង្ករ ២០គីឡូក្រាម, មីជាតិ ១កេស, មុង ១, កន្ទេល ១, ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ១យួរ និងថវិកា ចំនួន១ម៉ឺនរៀលផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ទោះបី អំណោយដែលចែកជូនដល់បងប្អូនប្រជាពលរដ្ឋមានតិចតួចតែនេះបានបង្ហាញពីការយកចិត្តទុកដាក់គិតគូររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមនឹង អាជ្ញាធរ ដែនដី ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងយុទ្ធនាការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩នេះ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារ អត់អាហារទទួលទាននោះទេ។

អភិបាលខេត្តបន្ទាយមានជ័យក៏បានលើកឡើងអំពីការយកចិត្តទុកដាក់បន្ថែមទៀត របស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែមាន វិសាលភាព និងប្រសិទ្ធភាព ពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីធានាការ លើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋជាអតិបរិមា ជាពិសេសការបានដាក់ឱ្យដំណើរការ នូវកម្មវិធីជំនួយសង្គមថ្មីមួយ ដែលជាកម្មវិធី ជំនួយសង្គមពិសេសដែលមិនអចិន្ត្រៃយ៍ សំដៅជួយដល់ជនក្រីក្រដែលមាន ប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) ក្នុងអំឡុងពេលកូវីដ ១៩ និងការអនុវត្តគោលនយោបាយ ឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ។

នៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានរម្លឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាការពារអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារឱ្យបានល្អជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួង សុខាភិបាល ដូចជាត្រូវលាងសម្អាតដៃឱ្យបានជាប្រចាំជាមួយសាប៊ូ និងទឹកឬ ប្រើទឹកលាងដៃដែលមានជាតិអាល់កុល ត្រូវបរិភោគអាហារដែលចំអិនបានត្រឹមត្រូវ កាត់ បន្ថយការចេញក្រៅ និងការជួបជុំគ្នាប្រសិនបើគ្មានការចាំបាច់នោះ។ ប្រសិនបើប្រជាពលរដ្ឋ ចេញទៅខាងក្រៅ ត្រូវពាក់ម៉ាស់ ឬរុំក្រមាជានិច្ច ហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ប្រសិនបើមានអាការៈគួរឱ្យសង្ស័យដូចជាក្តៅខ្លួនក្អក និងពិបាកដកដង្ហើមជាដើមចំណែក ប្រជាពលរដ្ឋណាដែលទើបត្រឡប់ពីបរទេស ត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗ ដើម្បីធ្វើការពិនិត្យចៀសវាងការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍នោះ៕ ដោយ៖ឈុនសារ៉ាត