សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែងអំណរគុណ​អង្គការ​ទេសចរណ៍​ពិភពលោក ក្នុងការ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩

AKP ភ្នំពេញ ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០
ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​ទេសចរណ៍​ពិភពលោក ដែល​បានការ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការដាក់ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព និង​សកម្ម​បំផុត ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ក្នុងអំឡុងពេល​ឈប់សម្រាក​ជំនួស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ កាលពី​ថ្ងៃទី​១៧-២១ ខែសីហា ឆ្នាំ​២០២០​កន្លងមក​នោះ​។​

ក្នុង​លិខិត​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ផ្ញើជូន​ឯកឧត្ដម ហ្សូ​រ៉ាប ប៉ូ​ឡូ​លីកា​ស្វី​លី អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក ដែល​បាន​ផ្សព្វផ្សាយ​នៅលើ​ផេ​ក​ផ្លូវការ​បានសរសេរថា “​ឯកឧត្តម ជាទី​រាប់អាន ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​លិខិត​ដ៏​ប្រពៃ និង​ប្រកបដោយ​អត្ថន័យ​នៃ​លិខិត​របស់​ឯកឧត្តម ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ដែល​បង្ហាញ​ពី​ការគាំទ្រ ចំពោះ​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ឱ្យមាន​ថ្ងៃ​ឈប់សម្រាក​ជំនួស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ កាលពី​ថ្ងៃទី​១៧-២១ ខែសីហា ឆ្នាំ​២០២០”​។ ក្នុង​លិខិត​សម្ដេច​តេ​ជោ​បាន​បន្តថា ដោយ​ប្រកាន់ខ្ជាប់​តាម​គោលការណ៍​ណែនាំ​សុវត្ថិភាព និង​សុខភាព​នានា​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​អំឡុងពេល​នៃ​ការឈប់​សម្រាក​នេះ យើង​ពុំមាន​ករណី​ឆ្លង​ថ្មី​ទេ នៅក្នុង​ប្រទេស​។ ប៉ុន្តែ​យើង​ទទួលបាន​អ្នកទេសចរ​ក្នុងស្រុក និង​ជនបរទេស​ប្រហែល ១,៥​លាន​នាក់ ធ្វើដំណើរ​កម្សាន្ត​តាម​តំបន់​គោលដៅ​ទេសចរណ៍ នានា​ទូទាំងប្រទេស​។ លើសពីនេះ ដោយ​ចាត់ទុក​សុវត្ថិភាព​ប្រជាជន​ជា​ចម្បង គោលដៅ​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន​បានធ្វើការ​ដោយ​ឥតឈប់ឈរ​ទាំងថ្ងៃទាំងយប់ ដើម្បី​តាមដាន និង​ណែនាំ​ឱ្យមាន​ការអនុវត្ត​វិធាន​នានា​បន្ថែម ដែល​បាន​បង្កើត និង​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និង​ភាគី​ពាក់ព័ន្ធ​។ សម្ដេច​តេ​ជោ​បាន​គូសបញ្ជាក់ថា ដើម្បី​ធានា​ការបើក​ឱ្យមាន​ការធ្វើដំណើរ​កម្សាន្ត​ក្នុងស្រុក​ឡើងវិញ​ប្រកបដោយ​សុ​វត្តិភាព និង​ប្រុងប្រយ័ត្ន កម្ពុជា​បាន​នឹង​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ក្នុងការ​សម្រួល​ដល់​ការចាប់ផ្តើម​ឡើងវិញ​នូវ វិស័យ​ទេសចរណ៍​ដែលជា​ផ្នែក​ដ៏​សំខាន់ ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​។

​នៅក្នុង​លិខិត​ដដែល​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមថា “​ជាថ្មី​ម្ដងទៀត ខ្ញុំ​សូម​សម្ដែង​នូវ​អំណរគុណ​ចំពោះ​សារ​គាំទ្រ​របស់​ឯកឧត្តម ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩ ហើយ​ក្នុងនាម​ជា​សមាជិក​ដ៏​សកម្ម​របស់ UNWTO កម្ពុជា​នឹងធ្វើ​អ្វីៗ ដើម្បី​លើកកម្ពស់​ទេសចរណ៍ ខណៈ​ទុក​សុវត្ថិភាព​ប្រជាជន​ជា​អាទិភាព នៅក្នុង​គ្រា​ដ៏​លំបាក​នៃ​កូ​វីដ​១៩​នេះ​។ សូម​ឯកឧត្តម ទទួល​នូវ​ការគោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​អំពីខ្ញុំ និង​សូម​ប្រសិទ្ធពរ​ឯកឧត្តម ប្រកបដោយ សុខភាព​ល្អ និង​សូមឱ្យ​អង្គការ​អន្តរជាតិ​ដ៏​ល្បីល្បាញ​របស់​ឯកឧត្តម កាន់តែ​ទទួលបាន​ជោគជ័យ​ធំធេង​បន្ថែមទៀត​”​។

​គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ឯកឧត្ដម ហ្សូ​រ៉ាប ប៉ូ​ឡូ​លីកា​ស្វ៊ី​លី អគ្គលេខាធិការ​អង្គការ​ទេសចរណ៍​ពិភពលោក ផ្ញើជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​បាន​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព និង​សកម្ម​បំផុត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ អង្គការ​ទេសចរណ៍​ពិភពលោក​ក៏​សូម​ជូនពរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ឱ្យ​ជួបតែ​សុខ​សុវត្ថិភាព និង​សុខ​ភាពល្អ​អំឡុងពេល​នៃ​ថ្ងៃ​ឈប់សម្រាក​ពិធី​ចូលឆ្នាំ​ខ្មែរ ដែល​តាម​ប្រពៃណី​ប្រារព្ធ​ធ្វើឡើង​ក្នុង​ខែមេសា តែ​ត្រូវបាន​លើក​ពេល​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ឯកឧត្ដម​បាន​បន្តថា អង្គការ​ទេសចរណ៍​ពិភពលោក​ពិតជា​រីករាយ​ខ្លាំងណាស់ ដោយ​បានឃើញ​កម្ពុជា​កំពុងតែ​ចាប់ផ្តើម​ទេសចរណ៍​ក្នុងស្រុក​ឡើងវិញ ស្ថិតក្រោម​ការគ្រប់គ្រង​ដ៏​ល្អ និង​បានដាក់​អនុវត្តន៍​វិធាន​សុវត្ថិភាព​ចាំបាច់ និង​អនាម័យ ក៏ដូចជា​គោលការណ៍​ណែនាំ​នានា​នៅតាម​តំបន់​ទេសចរណ៍​។ ការចាប់ផ្តើម​ឡើងវិញ​ប្រកបដោយ​ការទទួលខុសត្រូវ​នេះ ពិតជា​ស្របតាម​អនុសាសន៍​ណែនាំ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​។ អង្គការ​ទេសចរណ៍​ពិភពលោក​កំពុង​សម្រប​សម្រួលការ​បើក​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍ ដោយ​សហការ​ជាមួយ​ប្រទេស​ជា​សមាជិក និង​អង្គការ​អន្តរជាតិ​នានា តាមរយៈ​ការបង្កើត​គោលការណ៍​ណែនាំ និង​អនុសាសន៍​នានា សម្រាប់​ការចាប់ផ្តើម​ឡើងវិញ​នូវ​សកម្មភាព​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​ការទទួលខុសត្រូវ​។ ឯកឧត្ដម​ក៏​សូម​អរគុណ​ដល់​កម្ពុជា​ជា​អនេក សម្រាប់​ការចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​យ៉ាងសកម្ម​របស់​កម្ពុជា ក្នុង​សកម្មភាព​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​អំឡុងពេល​វេលា​ដ៏​លំបាក​នេះ​។

ជាថ្មី​ម្តងទៀត អង្គការ​ទេសចរណ៍​ពិភពលោក សូម​សម្ដែង​នូវ​ការកោតសរសើរ​ខ្ពស់​ចំពោះ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​តែងតែ​ទុក​សុខុមាលភាព និង​សុវត្ថិភាព​ប្រជាពលរដ្ឋ​ជា​អាទិភាព ហើយ​ឯកឧត្ដម​សង្ឃឹម​យ៉ាង​មុតមាំ​ថា ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ​នឹងចូលរួម​ចំណែក​ដល់​ការចាប់ផ្តើម​ឡើងវិញ​នូវ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព និង​ការទទួលខុសត្រូវ​ក្នុងប្រទេស​កម្ពុជា​៕​ដោយ ជឹម ណា​រី​