កម្ពុជានឹងទទួលបានផលចំណេញជាច្រើននៅពេលធ្វើម្ចាស់ផ្ទះ រៀបចំស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា

ភ្នំពេញ៖អគ្គលេខាធិកា នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣បានអះអាងថា ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ កម្ពុជានឹងទទួលផលចំណេញជាច្រើនលើគ្រប់វិស័យ។

ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា  ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅតែមានភាពវិជ្ជមាន ដោយសារការខិតខំប្រឹងប្រែងរបស់កម្ពុជា កំពុងជំរុញឲ្យដំណើរការទៅដោយរលូន ទោះបីនៅក្នុងឆ្នាំ២០២០នេះ យើងជួបបញ្ហារាតត្បាតជំងឺកូវីដ-១៩ក្តី ។

 ឯកឧត្តមបន្តថា យើងរៀបចំស៊ីហ្គេមនេះមិនមែន ឈ្នះចាញ់នោះទេ គឺការទទួលបាន កិត្តិយសសេចក្តីថ្លៃថ្នូរ នៃការធ្វើជាម្ចាស់ផ្ទះ ធ្វើឱ្យប្រតិភូមកចូលរួមទទួលបានសុខសុវត្ថិភាព អារម្មណ៍សប្បាយរីករាយដ៏កក់ក្តៅ និងទទួលបានអនុស្សាវរីយ៍ល្អៗនៅពេលគេត្រឡប់ទៅវិញ។ បន្ថែមពីនេះ ការធ្វើជាម្ចាស់ផ្ទះនេះ ក៏ធ្វើឱ្យកម្ពុជាចំណេញផ្នែកកិត្យានុភាពជាតិ  ផ្នែកទេសចរណ៍ វប្បធម៌ លើកកម្ពស់វិស័យកីឡា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឱ្យវិស័យកីឡា។

សំឡេង៖ អ្វីដែលសំខាន់ជាពេលវេលាឱកាស ដែលយើងធ្វើការផ្សព្វផ្សាយ ពីកម្ពុជាទៅពិភពលោក ហើយក្រៅពីចំណេញដល់នយោបាយកាទូត ចំណេញនយោបាយសេដ្ឋកិច្ច សង្គមរបស់យើង ចំណេញនយោបាយទេសចរណ៍ ចំណេញនយោបាយនៃការផ្សព្វផ្សាយឥទ្ធិពល អរិយធម៌ វប្បធម៌ជាតិគឺយើងចំណេញ មួយទៀតភាពខ្លាំង កីឡាករកីឡាការិនីរបស់យើង ។ហើយក៏ជាមូលដ្ឋាន កសាងវិស័យកីឡារបស់យើងឱ្យរឹងមាំ ទៅថ្ងៃអនាគតបន្តទៀត។ អ្វីដែលសំខាន់នៅក្នុងស៊ីហ្គេមទៀត ក្រៅពីបង្ហាញ ចំណេញសំខាន់ជាងគេឱ្យគ្រប់ភាគីពាក់ព័ន្ធជុំវិញការរៀបចំទាំងអស់នេះ ចេះសហការរៀបចំជាមួយគ្នា ប្រើឥរិយាបថរួមមួយគឺជាប្រវត្តិសាស្ត្រ របស់ជាតិ ចេះរបៀបធ្វើការជាមួយការងារអន្តរជាតិ»។

ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្ននេះគ្រប់គណៈកម្មការទំាងអស់កំពុងកសាង ធនធានមនុស្សលើវិស័យកីឡា និងពង្រឹងរចនាសម្ព័ន្ធ និងកិច្ចការផ្សេងៗទៀត ដើម្បីឆ្ពោះទៅទទួលបានភាពជោគជ័យនៃការរៀបចំធ្វើជាម្ចាស់ផ្ទះនេះ នឹងអាចដណ្តើមបានមេដាយមាសកាន់តែច្រើនជូនជាតិមាតុភូមិ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ប្រព្រឹត្តទៅរៀងរាល់២ឆ្នាំម្ដង  ហើយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៣ បន្ទាប់ពីប្រទេសវៀតណាម ៕