បន្លែសរីរាង្គ របស់ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ កំពុងតែមានតម្រូវការទីផ្សារនិងមានតម្លៃសមរម្យ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 27,08,2020


MC៖ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា បន្លែសរីរាង្គ របស់ប្រជាកសិករ កំពុងតែមានតម្រួវការទីផ្សារ និងមានតម្លៃសមរម្យ ដែលអាចជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់បានមួយកម្រិតទៀត។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍……..
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្ន ការដាំបន្លែសរីរាង្គរបស់ប្រជាកសិករនៅក្នុងខេត្ត មានលក្ខណៈល្អប្រសើរ ដែលអាចផ្គត់ផ្គត់តម្រូវការទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ និងមួយចំនួនទៀតនាំចេញទៅបណ្តាខេត្តផ្សេងៗ ដោយក្នុងមួយថ្ងៃៗ អាចនាំចេញបានចំនួន៥០០គីឡូទៅ១តោន ហើយជាពិសេសមានការគាំទ្រច្រើនពីសំណាក់អ្នកបរិភោគ។
លោកបានបន្តថា ការដាំបន្លែសរីរាង្គនេះ គឺប្រជាកសិករដាំលក្ខណៈជារោង ដែលមានទំហំ១០ម៉េត្រ គុណ ២០ម៉ែត្រ ហើយក្នុង១រោងៗអាចទទួលបានផល១តោន ទៅ២តោន ។ លោកបានបន្តទៀតថា ដំណាំបន្លែសរីរាង្គ មានដូចជា៖ ប្រភេទដំណាំបន្លែយកស្លឹក ដំណាំបន្លែយកផ្លែ និងដំណាំបន្លែយកមើម មានស្ពៃគ្រប់ប្រភេទ ប៉េងប៉ោះ ត្រប់គ្រប់ប្រភេទ(ត្រប់ស្រួយនិងត្រប់វែង) ល្ហុង ត្រឡាច ននោងជាដើម ដែលប្រភេទបន្លែទាំងអស់នេះ អាចលក់ទៅលើទីផ្សារបានក្នុងតម្លៃសមរម្យផងដែរ។
សំឡេង៖« នៅក្នុងខេត្តយើងធានាបាន ឃើញមានការកាត់បន្ថយការនាំចូល ឥឡូវនេះ បិតហើយ ខាងថៃខាងវៀតណាមអីក៏គេមិននាំចូល យើងអាចផ្គត់ផ្គង់នៅក្នុងស្រុកបាន ហើយមួយចំនួន នាំចេញទៅក្រៅខេត្តនិងភ្នំពេញ ហើយនៅទីរួមខេត្តយើងនេះ អភិបាលខេត្តក៏បានបង្កើតសហគមន៍មួយ គឺជាសហគមន៍សម្រាប់ប្រជាកសិករយកមកលក់ ៣ថ្ងៃក្នុងមួយសប្ដាហ៍ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យជារៀងរាល់អាទិត្យ»។
លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តបន្ទាយមានជ័យ បានចងក្រងជាសហគមន៍ដើម្បីផលិតដំណាំបន្លែបានចំនួន៤៤សហគមន៍ និងបណ្តុំអាជីវកម្មបានចំនួន៣៩បណ្តុំ ដោយក្នុងមួយបណ្តុំៗមានជាង៣០គ្រួសារ៕