សម្ដេចពិជ័យសេនាទៀ បាញ់អះអាងថា ការបោះពុម្ពផែនទីឋានលេខាខ្នាត ១/២៥០០០ មិនមែនគូសឯកតោភាគីដោយវៀតណាមទេ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០

MC៖ សម្ដេចពិជ័យសេនាទៀ បាញ់អះអាងថា ការបោះពុម្ពផែនទីឋានលេខខ្នាត ១/២៥០០០ មិនមែនគូសឯកតោភាគីដោយវៀតណាមនោះទេ គឺមានការឯកភាពគ្នារវាង កម្ពុជានិងវៀតណាម។ 

អ្នកយកព័ត៌មានរាយការណ៍………………………………..

  សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា ការបោះពុម្ពផែនទីឋានលេខាខ្នាត ១/២៥០០០ គឺមានការចូលរួមពីភាគីទាំង២រវាងកម្ពុជា និងវៀតណាម ពោលគឺមិនមែនគូសឯកតោភាគីដោយវៀតណាមឡើយ មិនដូចការចោទប្រកាន់របស់ក្រុមអគតិជ្រុលនិយមឡើយ។

សម្ដេចពិជ័យសេនាបានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលមួយចំនួនណា ដែលចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថា លក់ដីទៅឱ្យវៀតណាម។ សម្ដេចពិជ័យសេនា ទៀ បាញ់បន្តថា សមិទ្ធផលនៃការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម ដែលសម្រេចបាន៨៤ភាគរយនេះ មិនមែនជាការប្រឌិតឡើង ឬធ្វើឱ្យបាត់បង់ទឹកដីប្រទេសជាតិនោះទេ គឺជាភាពជោគជ័យដ៏ធំធេងសម្រាប់កម្ពុជាទៅវិញទេ  ធ្វើឱ្យកម្ពុជាមាន ខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមិសាស្ត្រ ច្បាស់លាស់នៅលើដីជាក់ស្តែងទុកសម្រាប់មនុស្សជំនាន់ក្រោយប្រើប្រាស់។

សំឡេង«ខ្ញុំមិនអាចអត់អោនឱ្យទេ ចំពោះចំពោះបុគ្គលមួយចំនួន ដែលបានចោទប្រកាន់ថា ការប្រឌិតឡើងបោះពុម្ពផែនទីខ្នាត ១/២៥០០០នេះ ធ្វើឱ្យបាត់ប្រទេស បាត់ទឹក បាត់ដី ជាដើមនេះ មិនអាចអត់អោនឱ្យបានជាដាច់ខាត ព្រោះនេះគឺជារឿងសំខាន់បំផុតរបស់ប្រទេសជាតិ ដែលទទួលបានជោគជ័យយ៉ាងធំធេង ទម្រាំបានផែនទីនេះទុកជាឯកសារសម្រាប់ប្រើប្រាស់គឺវាលំបាកណាស់មិនមែនជាភាពងាយស្រួលនោះទេ»។

សូមបញ្ជាក់ថា ពិធីប្រគល់ផែនទីខ្នាត ១/២៥០០០នេះ បានធ្វើឡើងនៅវិមានសន្តិភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន៕