គ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិតនៅទីរួមខេត្តចំនួន៤ នឹងបើកដំណើរការឡើងវិញ ដំណាក់កាលទី២ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៧ កក្កដា ២០២០

MC៖ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិតនៅទីរួមខេត្តចំនួន៤អាចបើកដំណើរការដំណាក់កាលទី២ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ។

អ្នកយកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍៖

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាសាធារណៈមានថ្នាក់ទី៩ និងថ្នាក់ទី១២ទូទាំងប្រទេស និងគ្រឹះស្ថានសិក្សាសាធារណៈគ្រប់កម្រិតនៅតាមទីរួមខេត្តចំនួន៤ដែលមានកម្រិតហានិភ័យទាប ។

ឯកឧត្តមបន្តថា ទីរួមខេត្តទាំងនោះ មានខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគិរី បន្ទាប់ពីមានការចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថានសិក្សាទាំងនោះ។ ជាមួយគ្នានោះ ក្រសួងអប់រំនឹងពិនិត្យលទ្ធភាពជាក់ស្តែងលើការបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈតាមរាជធានី ខេត្តផ្សេងទៀតតាមទម្រង់ទ្រង់ទ្រាយតូច។

ឯកឧត្តម បញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជនត្រូវអនុវត្តគោលការណ៍ការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ។

សំឡេង៖ « វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ស្របតាមគោលការណ៍ប្រតិបត្តិស្ដង់ដារសម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ និយាមរៀន និងបង្រៀនថ្មី កំណត់ចំនួនសិស្សប្រមាណ២០នាក់ក្នុង១ថ្នាក់ និងឆ្លាស់វេនគ្នា។ ថ្នាក់ទី៩ និងថ្នាក់ទី១២ ត្រូវអនុវត្តបញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានឈប់សម្រាកវិស្សមកាលធំ។ចំពោះគ្រឹះស្ថានសិក្សាដទៃទៀត ដែលមិនទាន់បានបើកដំណើរការឡើងវិញ ត្រូវបន្តការសិក្សាពីចម្ងាយ។ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០»។

ឯកឧត្តម បានបញ្ជាក់ថា ជាមួយនឹងការអនុវត្តដំណាក់កាលទី២នេះ ក្រសួងអប់រំ យុវជន និងកីឡានឹងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសិក្សាពីស្ថានភាព នឹងការវាយតម្លៃការរៀបចំរបស់គ្រឹះស្ថានសិក្សាសម្រាប់ត្រៀមខ្លួនបើកដំណើរការដំណាក់កាលទី៣៕