ក្រសួងសុខាភិបាលអំពាវនាវឱ្យមហាជនបន្តចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម១០០ភាគរយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៧ ០៨ ២០២០

MC៖  ក្រសួងសុខាភិបាលអំពាវនាវឱ្យមហាជនបន្តចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម១០០ភាគរយដើម្បីយកទៅជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាបន្ទាន់។  អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖ ….

    លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម  នៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការចូលរួមបរិច្ចាគឈាម  ជាសកម្មភាពមនុស្សធម៌ដ៏មានតម្លៃបំផុត ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺដែលខ្វះឈាមកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យទូទាំងប្រទេស។

  ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការផ្តល់ឈាមដើម្បីសង្រ្គោះជីវិត នៅព្រឹកថ្ងៃទី២៧ ខែសីហានេះ នាទីស្តីការគណៈរដ្ឋមន្រ្តី លោកវេជ្ជបណ្ឌិតបានឱ្យដឹងថា ឈាមមិនអាចមានរោងចក្រ ឱសថស្ថាន ឬ ក៏វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់ណាមួយអាច      ផលិតបានទេ ប៉ុន្តែឈាមអាចមានទៅបានអាស្រ័យតែម្យ៉ាងគត់ គឺការបរិច្ចាគដោយមនុស្ស។ ដូច្នេះបើប្រជាពលរដ្ឋគោរពនូវគោលការណ៍ជួយគ្នាសាមគ្គីភាព សុច្ឆន្ទៈជនរួមជាតិទាំងអស់ ចូលរួមជួយគ្នាទើបអាចសង្រ្គោះជីវិតមនុស្សនៅតាមន្ទីរពេទ្យបាន។

លោកបានបន្ថែមទៀតថា មនុស្សដែលមានសុខភាពល្អ អាយុចាប់ពី១៨ឆ្នាំឡើងទៅអាចបរិច្ចាគឈាមបាន ដោយបុរសអាចបរិច្ចាគឈាមបាន៤ដងក្នុងមួយឆ្នាំ និងស្រ្តី ចំនួន៣ដងក្នុងមួយឆ្នាំ ។

សំឡេង៖ « ការបរិច្ចាគឈាមគឺជាវិធីនៃការធ្វើបុណ្យមួយដែលបានបុណ្យខ្ពស់បំផុត ដែលផ្អែកលើគោលការទាំងនេះជំរុញយកចិត្តទុកដាក់ក្នុងការបរិច្ចាគឈាម ។ ចំណុចមួយទៀតគឺគោលការងារមនុស្សធម៌ បើសិនជាយើងមិនបានជួយគ្នាទេ គឺប្រជាពលរដ្ឋដែលសម្រាកនៅតាមមន្ទីរពេទ្យមិនអាចរស់រានមានជីវិតទេ »។

លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់ក្រុមយុវជន មហាជន កងកម្លាំងប្រដាប់អាវុធ វិស័យឯកជននានា ចូលរួមក្នុងការបរិច្ចាគឈាមទាំងអស់គ្នា ។ 

លោកបានដឹងថា ក្នុងឆ្នាំ២០១៩ នាយកដ្ឋានផ្តល់ឈាម បានទទួលអំណោយឈាមប្រមាណជាង៩ម៉ឺនផ្លោកនៅទូទាំងប្រទេស ។ 

យោងតាមរបាយការណ៍របស់មូលនិធិសុខភាពផ្លូវចិត្តបានឱ្យដឹងថា អត្ថប្រយោជន៍នៃការបរិច្ចាគឈាម ជួយដល់អ្នកដទៃអាច កាត់បន្ថយភាពតានតឹង ធ្វើឱ្យប្រសើរឡើងសុខុមាលភាពអារម្មណ៍របស់មនុស្សដោយទទួលបានអត្ថប្រយោជន៍ពីសុខភាពរាងកាយរបស់។  ជួយកម្ចាត់អារម្មណ៍អវិជ្ជមាន ផ្តល់នូវអារម្មណ៍កាន់តែប្រសើរ និងកាត់បន្ថយភាពឯកោ ។ 

តាមការស្រាវជ្រាវបានឱ្យដឹងបន្ថែមទៀតថា ការបរិច្ចាគឈាម ធ្វើឱ្យថយចុះហានិភ័យ នៃជំងឺបេះដូង កាត់បន្ថយការប្រឈមមុខ នឹងជំងឺមហារីកដែលត្រូវបានផ្សាភ្ជាប់ទៅនឹងកម្រិតជាតិដែកខ្ពស់ ក្នុងនោះរួមមានមហារីក ថ្លើម ពោះវៀន សួត បំពង់អាហារ ក្រពះ និងអាចពិនិត្យសុខភាពឥតគិតថ្លៃ មានដូចជា ជីពចរ សម្ពាធឈាម សីតុណ្ហភាពរាងកាយ កម្រិតអេម៉ូក្លូប៊ីន ព្រមទាំងប្រភេទឈាមជាដើម