កសិករនៅស្រុកបន្ទាយស្រីខេត្តសៀមរាបទទួលជោគជ័យពីរបរចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ ក្នុង១ខែប្រមាណ២០០០ក្បាល

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០


MC. កសិករនៅស្រុកខេត្តសៀមរាបទទួលជោគជ័យពីរបរចិញ្ចឹមមាន់ភ្ញាស់យកកូនលក់ដែលក្នុង១ខែប្រមាណ២០០០ក្បាល ដើម្បីជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារកាន់តែល្អប្រសើរ។
អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរៀបធ្វើសេចក្តីរាយការណ៍៖
លោក ចៅ មាន ជាកសិករជោគជ័យក្នុងមុខរបរភ្ញាស់កូនមាន់លក់ រស់នៅភូមិត្បែងខាងលិច ឃុំត្បែង ស្រុកបន្ទាយស្រី នៃខេត្តសៀមរាបបានឲ្យដឹងថា ដំបូងឡើយលោកចាប់ផ្តើមសាកល្បងការងារចិញ្ចឹមមាន់នេះក្នុងឆ្នាំ២០១៦មក តាមរយៈការជួយជំរុញពីសំណាក់មន្ត្រីជំនាញ ទើបលោកអាចទទួលបានជោគជ័យរហូតដល់សព្វថ្ងៃ។ លោកបន្តថា បច្ចុប្បន្នលោកចិញ្ចឹមមេមាន់ពូជមានចំនួនជាង៥០០ក្បាល ដើម្បីភ្ញាស់យកកូន ដោយក្នុង១ខែអាចលក់កូនមាន់បានប្រមាណ២០០០ក្បាល និងមានតម្លៃក្នុង១ក្បាល៥០០០រៀល។
សំឡេង៖ខ្ញុំចិញ្ចឹមមាន់ស្រែទេ មាន់មេពងសម្រាប់យកកូនលក់ ដាក់ទ្រុង៤០០ក្បាល ហើយនិងលែងឲ្យពងតាមធម្មតា១០០ក្បាល សរុប៥០០ក្បាល ទ្រុងមេ១៩គុណនិង៧ម៉ែត្រ កាលដំបូងខ្ញុំអត់ចង់ចិញ្ចឹមទេ តែបានមន្ត្រីជំនាញបសុពេទ្យខាងកសិកម្មគាត់ជំរុញ ឲ្យចិញ្ចឹមមាន់និងគោ ដោយគោអាយុវែងមិនងាយបានផល គាត់នាំខ្ញុំទៅទស្សនកិច្ចនៅខេត្តគេ អ៊ីចឹងមកវិញខ្ញុំចាប់ផ្តើមចិញ្ចឹមដល់សព្វថ្ងៃ កូនមាន់ក្នុង១ខែយើងបានខ្ទង់១៨០០ទៅ២០០០កូន ក្នុងកូន១មានអាយុ២១ថ្ងៃលក់បាន៥០០០រៀល។
លោក សេង ប៊ុនថា ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានក្នុងស្រុកបន្ទាយស្រី បានឲ្យដឹងថា ដើម្បីបង្កើនចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈវិស័យកសិកម្ម មន្ត្រីជំនាញបានបន្តជំរុញណែនាំដល់កសិករឲ្យងាកមកទទួលយកការចិញ្ចឹមមាន់ស្រែ ដើម្បីភា្ញស់យកកូនលក់ ដែលបច្ចុប្បន្នមុខរបរនេះកំពុងទទួលការពេញនិយមពីកសិករ។លោកបន្តថាក្នុងរបរចិញ្ចឹមមាន់នេះ អាជ្ញាធរជំនាញបានផ្តល់ជូនដល់កសិករពីការចងក្រងជាសហគមន៍ ការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់និងភ្ញាស់កូនមាន់ ការផ្តល់ចំណី ការធ្វើទ្រុង ការពិនិត្យមើលស៊ុត ការដាក់កម្រិតកំដៅ ការចាក់វ៉ាក់សាំង និងផ្តល់ពូជមាន់ជាដើម។
សំឡេង៖ក្នុងការចិញ្ចឹមមាន់យើងបានបណ្តុះបណ្តាលពីវិធីសាស្ត្រចិញ្ចឹម ការផ្តល់វ៉ាក់សាំង របៀបឲ្យចំណី ជាពិសេសបានផ្តល់ទូភ្ញាស់ និងបច្ចេកទេស ឲ្យកសិករគាត់បដិភាគតែធ្វើទ្រុង យើងផ្តល់កន្លែងបង្ហាញ កសិករគាត់បង្កើតជាក្រុមមកបណ្តុះបណ្តាលគាត់ មួយក្រុមមានគ្នា៤០នាក់ មាន២៥នាក់ យើងចែកពូជមាន់ ដល់គាត់ឲ្យគាត់ចេញតែបដិភាគដូចជាធ្វើទ្រុង។
សូមជម្រាបថា បច្ចុប្បន្នតម្លៃមាន់ស្រែនៅស្រុកបន្ទាយស្រីមាន តម្លៃចាប់ពី ១៥,០០០រៀលឡើងទៅក្នុងមួយគីឡូក្រាមខណៈដែលមានកសិករចិញ្ចឹមគំរូជាង១០កន្លែងនិងកសិករប្រមាណ៤ម៉ឺនគ្រួសារនៅទូទាំងស្រុកបានអនុវត្តមុខរបរចិញ្ចឹមនិងភ្ញាស់កូនមាន់លក់ជាលក្ខណៈគ្រួសារ៕